Tuesday, Jan 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ស្លាប់ និងរបួសជាង ៣០នាក់ ក្នុងហេតុការណ៍ រថយន្ដធ្លាក់ផ្លូវ នៅប៉ាគីស្ថាន

ឥស្លាម៉ាបាដ៖ យោងតាម ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងចំនួន ២៥នាក់ ផ្សេងទៀតរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍រថយន្ដអ្នកដំណើរ ១គ្រឿង ​ធ្លាក់ចូលទៅក្នុងជ្រោះ នៅក្នុងប្រទេសប៉ាគីស្ថាន។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅមុននេះបន្ដិច​ ឲ្យដឹងទៀតថា រថយន្ដដឹកអ្នកដំណើរ ដែលជួបគ្រោះថ្នាក់ ខាងលើនេះ ផ្ទុកមនុស្សចំនួន ៣២​នាក់ កំពុងធ្វើដំណើរទៅកាន់តំបន់កាហ៊ូតា ចេញពីរដ្ឋធានីអ៊ីស្លាម៉ាបាដ នៃប្រទេស ប៉ាគីស្ថាន ប៉ុន្ដែមិនទាន់ដល់គោលដៅផង ក៏បានជួបនឹងគ្រោះថ្នាក់ ធ្លាក់ចូលជ្រោះតែម្ដង ដែលបណ្ដាលឲ្យស្លាប់ និងរបួសជាច្រើនដូចនេះ។​

អ្នករងរបួសក្នុងនោះ មានទាំងស្ត្រី និងកុមារ និងត្រូវបានបញ្ជូនទៅកាន់​មន្ទីរពេទ្យ ប៉ុន្ដែចំនួន ៥នាក់ក្នុងចំណោមពួកគេ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ​ ហើយបើតាមការអះអាង ពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ​គ្រោះថ្នាក់នេះបានកើតឡើង នៅពេលដែលអ្នកបើកបររថយន្ត ​បាត់បង់ការគ្រប់គ្រងលើរថយន្ត ខណៈពេលដែលផ្លូវមានស្ថានភាពរអិល និងកោងចុះឡើង​ ដែលជាហេតុធ្វើឲ្យរថយន្ដងាយធ្លាក់ផ្លូវ៕​

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top