Wednesday, Mar 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

រដ្ឋសភា មិនឈឺក្បាលពាក្យសម្ដី សមាជិកសភាអាស៊ាន ថាកម្ពុជាប្រឈម នឹងវិបត្តិនយោបាយ

ភ្នំពេញ៖អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន បានថ្លែងថា សភាមិនចាប់អារម្មណ៍ និងមិនឈឺក្បាល ចំពោះពាក្យសម្ដីអត់ប្រយោជន៍ របស់សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHR)  ដែលថា នយោបាយនៅប្រទេសកម្ពុជា កំពុងប្រឈមនឹងវិបត្តិភាពស្របច្បាប់។

លោក ឈាង វុន  បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ថា “តាំងខ្លួនជាសភាអាស៊ានម៉េច បើអាស៊ានមានតែមួយ។ ចឹងយើងយកភាសាគាត់មកពិភាក្សា ឬពិចារណានាំមកឲ្យ តែឈឺក្បាលតែប៉ុណ្ណោះឯង ពីព្រោះពួកអស់ហ្នឹង ធ្វើដើម្បីប្រឆាំង កម្ពុជាតែប៉ុណ្ណោះ ”។

លោកបន្ដទៀតថា ក្រុម APHR ត្រូវបានបង្ដើតឡើង នៅក្នុងឆ្នាំ២០១៣  ក្នុងគោលបំណងបង្កើតយុទ្ធនាការ ឃោសនាបោះឆ្នោតនៅកម្ពុជា ។ ក្រុម APHR និយាយមិនល្អពីកម្ពុជាគឺជារឿងធម្មតា ពីព្រោះអ្នកទាំងនេះ ជាអ្នកនាំពាក្យ គណបក្សប្រឆាំងផងដែរ។

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ វិទ្យុអាស៊ីសេរី បានចេញផ្សាយថា “សមាជិកសភាអាស៊ានមួយក្រុម ដែលធ្វើការដើម្បីសិទ្ធិមនុស្ស បានចេញរបាយការណ៍របស់ខ្លួនមួយ ដោយព្រមានថា ប្រព័ន្ធនយោបាយកម្ពុជា កំពុងប្រឈមនឹងវិបត្តិភាពស្របច្បាប់ និងគំរាមដល់ភាពអន្តរាយ របស់ប្រទេស ដែលលទ្ធិប្រជាធិបតេយ្យ កំពុងតែផុយស្រួយ”៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top