Wednesday, Mar 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ពលរដ្ឋមានសិទ្ធិ ចូលធ្វើនយោបាយ ជាមួយបក្សខ្លួនពេញចិត្ត និងមានសិទ្ធិចេញ ទៅរកបក្សផ្សេងទៀត  

ភ្នំពេញ៖អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ  ឥសាន បានលើកឡើងថា ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា មានសិទ្ធិចូលរួមធ្វើនយោបាយ ជាមួយគណបក្សណា ដែលខ្លួនពេញចិត្ត ហើយក៏មានសិទ្ធិ ចាកចេញពីបក្សមួយ ទៅរកបក្សមួយទៀតដែរ។

លោក សុខ  ឥសាន បានថ្លែងតាមតេឡេក្រាម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ថា “ប្រជាពលរដ្ឋ មានសិទ្ធិទូលំទូលាយ ក្នុងសកម្មភាពនយោបាយ មានសិទ្ធិចូលរួមជីវភាពនយោបាយ ជាមួយគណបក្សនយោបាយណា ដែលខ្លួនពេញចិត្ត ។ អាចមានសិទ្ធិចាកចេញ ពីគណបក្សនយោបាយមួយ ទៅចូលគណបក្សនយោបាយមួយទៀត តាមឆន្ទៈរបស់ខ្លួន ដោយគ្មានការបង្ខិតបង្ខំ ដោយគ្មានការគំរាមកំហែង ឬការគាបសង្កត់ពីខាងណាឡើយ”។

លោកបន្តទៀថា ចាប់តាំងពីឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ   សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់ប្រទេសជាតិ។ 

លោកថានេះ គឺជាឯករាជ្យភាពរបស់បុគ្គលពលរដ្ឋម្នាក់ៗ ដែលបង្ហាញឲ្យឃើញ នូវសិទ្ធិសេរីភាពទូលំទូលាយ របស់ពលរដ្ឋម្នាក់ៗ ហើយនេះគឺជាតថភាពសង្គមកម្ពុជា ដែលមជ្ឈដ្ឋានអគតិមួយចំនួន តែងតែមើលមិនឃើញ ឬឃើញដែរ តែធ្វើជាមើលមិនឃើញ ហើយមកនិយាយបរិហារប្រទេសជាតិខ្លួនឯង ដោយរំលោភសច្ចៈធម៌   រំលោភការពិត ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top