Wednesday, Mar 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សភាមិនទាន់ទទួលព័ត៌មាន ពីគណៈរដ្ឋមន្ត្រី រឿងអ្នកជំនួសតំណែង សម្ដេច សុខ អាន

ភ្នំពេញ៖ ក្រោយពីសម្តេច សុខ អានបានទទួលមរណភាព រហូតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ រដ្ឋសភាមិនទាន់ទទួលបាន ព័ត៌មានពីទីស្ដីការគណៈរដ្ឋមន្ត្រី រឿងអ្នកឡើងមកជំនួសតំណែង សម្ដេច សុខ អាននៅឡើយទេ ។

លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានថ្លែង ក្រោយបញ្ចប់កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ថា "រហូតមកដល់ពេលនេះ យើងនៅមិនទាន់ ទទួលព័ត៌មានពីខាងគណៈរដ្ឋមន្ត្រីមកវិញទេ។ ចឹងហើយនៅគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹកមិញនេះ យើងមិនទាន់បានពិភាក្សាក្នុងរឿងនេះ" ។

លោកបន្តថា ជាទម្លាប់ ជាក្បួនខ្នាត ការងាររបស់រដ្ឋសភា នៅពេលដែលមាន សមាជិករដ្ឋសភា ទទួលអនិច្ចកម្មគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) តែងតែផ្ញើឈ្មោះ អ្នកបន្ទាប់ខាងក្រោម មករដ្ឋសភា ដើម្បីផ្ដល់សុពលភាព ។

សម្តេច សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព នៅម៉ោង១៨និង៣២នាទី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ ក្រោយពីមរណភាពរបស់សម្តច សុខ អាន បានប៉ុន្មានថ្ងៃសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចរបស់សម្តេចសុខ អានទាំងអស់ ឲ្យទៅលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ទទួលជំនួស និងជារដ្ឋមន្រ្តីស្តីទី នៃទីស្តីការគណៈរដ្ឋមន្រ្តី៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top