Wednesday, Mar 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ប.ស.ស ពង្រឹងសមត្ថភាពបច្ចេកទេស ដល់ថ្នាក់ដឹកនាំនិងមន្រ្តីរបស់ខ្លួន

ភ្នំពេញ ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ អង្គការពលកម្មអន្តរជាតិ (ILO) បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី កាលវិភាគហិរញ្ញវត្ថុរបប ប្រាក់សោធន៍ នៅព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស ដល់ថ្នាក់ដឹកនាំនិងមន្រ្តីរបស់ខ្លួន។

លោក អ៊ុក សមវិទ្យា នាយក ប.ស.ស បានឲ្យដឹងក្នុងសិក្ខាសាលានោះថា “វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងក្នុង គោល បំណងពង្រឹងសមត្ថភាពខាងបច្ចេកទេស ជាពិសេសការវិភាគផ្នែកហិរញ្ញវត្ថុ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃ ប.ស.ស ក្រសួង ស្ថាប័នពាក់ព័ន្ធ ម្ចាស់សហគ្រាសគ្រឹះស្ថាន និងភាគីកម្មករនិយោជិត”។

លោកបានសង្កត់ធ្ងន់ថា របបប្រាក់សោធន៍ គឺមានគោលដៅគាំពារដល់ជនចាស់ជរា ដែលជាកម្លាំងពលកម្មសកម្មនា ពេល បច្ចុប្បន្ន និងការចូលរួមចំណែកលើកកម្ពស់ផលិតភាពពលកម្មផងដែរ ដោយហេតុថា តាមរយៈរបបនេះ កម្លាំងពលកម្ម សកម្មបច្ចុប្បន្ន មានភាពកក់ក្តៅ ចំពោះអនាគតរបស់ខ្លួន ទោះកំពុងធ្វើការក្នុងវិស័យឯកជនយ៉ាងណាក្តី។

លោកបញ្ជាក់ថា របបប្រាក់សោធន៍សម្រាប់វិស័យឯកជននេះមិនធ្លាប់មានទេពីមុនមក ដូច្នេះ ដើម្បីឲ្យមានការជឿទុកចិត្ត ត្រូវធ្វើការសិក្សា ស្រាវជ្រាវ ការរៀបចំទាំងលិខិតរបទដ្ឋាន និងបច្ចទេសផ្សេងៗប្រកបដោយការយកចិត្តទុកដាក់ ពិសេស កាល វិភាគលើនិរន្តរភាពហិរញ្ញវត្ថុ ដើម្បីធ្វើយ៉ាងណាឲ្យទទួលបានប្រសិទ្ធភាពនិងទទួលយកបានទាំងភាគីវិនិយោជក កម្មករនិយោជិត។

លោក នូណូ សុនហា អ្នកជំនាញការ ផ្នែកគាំពារសង្គមប្រចាំ តំបន់ នៃអង្គការអន្តរជាតិខាងការងារ អាយឡូ លើកឡើងថា “របបប្រាក់សោធន៍ ឬសោធនជរាភាព ត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំពារ ដល់ជនចាស់ជរា ដែលជាកម្លាំង ពល កម្ម សកម្មនាពេលបច្ចុប្បន្ន និងការ ចូលរួមចំណែកលើកកម្ពស់ផលិតភាពពល កម្មនិងផ្តល់ភាពកក់ ក្តៅចំពោះអនាគត របស់ខ្លួន ទោះកំពុងធ្វើការក្នុងវិស័យឯកជនយ៉ាងណាក្តី”៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top