Wednesday, Mar 1st | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោកផៃ ស៊ីផាន៖ អង្គការណាសា មិនដឹងព្រៃឈើនៅកម្ពុជា ហើយបាត់បង់ព្រៃតាមរយៈ កសិឧស្សាហកម្ម និងកសិកម្ម

ភ្នំពេញ៖អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី លោកផៃ ស៊ីផាន បានថ្លែងថា អង្គការណាសា (NA SA)  មិនបានដឹងអំពីបញ្ហាការកាប់ព្រៃឈើ នៅក្នុងប្រទេសកកម្ពុជាឡើយ ពីព្រោះផ្ទៃក្រឡា កាប់ព្រៃឈើ បានក្លាយទៅជាចំការកៅស៊ូដ៏ធំ ។

លោក ផៃ ស៊ីផាន បានលើកឡើងបែបនេះ បន្ទាប់ពីវិទ្យុអាស៊ីសេរី បានចេញផ្សាយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ថា  អង្គការណាសា បានរកឃើញព្រៃឈើនៅកម្ពុជា កំពុងបាត់បង់លឿនខ្លាំង ហើយកម្ពុជាស្ថិតក្នុងក្រុមប្រទេស ដែលមានអត្រាការកាប់ព្រៃឈើលឿន ជាងគេបំផុតក្នុងពិភពលោក ។

លោក ផៃ ស៊ីផាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅថ្ងៃទី១២ មករាថា  “យើងមើលតាមផែនទី  ខ្ញុំមើលឃើញថា មានការកាប់ព្រៃឈើមែន  បើយើងមើលតាមផែនទី ក៏ប៉ុន្ដែគេមិនបានប្រាប់ថា ការកាប់ដើមឈើធ្វើអ្វីទេ ពីព្រោះផ្ទៃក្រឡាការកាប់ដើមឈើ  បានក្លាយទៅជាចំការកៅស៊ូ និងកសិកម្មផងដែរ” ។
លោកថា ការបាត់បង់ព្រៃឈើនៅកម្ពុជា គឺតាមរយៈកសិឧស្សាហកម្ម និងកសិកម្មប៉ុណ្ណោះ ។

លោកបន្ដថា ព្រោះកាប់ព្រៃឈើដើម្បីបម្រើសេចក្ដីត្រូវការ ផ្នែកសេដ្ឋកិច្ច  និងវិស័យផ្សេងៗទៀតៗ ដូច្នេះអង្គការណាសា បានដាក់បន្ទុកមកកម្ពុជា ជាអ្នកបំផ្លាញធម្មជាតិ និងព្រៃឈើកម្ពុជា គឺគ្មានដូចជាការលើកឡើង របស់អង្គការមួយនេះទេ ។ 

សូមរំលឹកថា កាលពីដើមឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញបទបញ្ជា ឲ្យបង្ក្រាបរាល់បទល្មើសកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់នៅទូទាំងប្រទេស ក្រោយមានបញ្ជាពីរាជរដ្ឋាភិបាលរួចមក ក៏បានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ហើយបានបើកប្រតិបត្តិការតាំងពី អំឡុងចុងខែមករា ដោយរកឃើញឈើខុសច្បាប់ ជាច្រើនម៉ឺនម៉ែត្រគូប និងប្តឹងឈ្មួញរកស៊ីឈើទៅតុលាការ ជាច្រើនករណីផងដែរ ។ បទល្មើសព្រៃឈើកើតឡើង ច្រើននៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ សៀមរាប កំពង់ធំ ពោធិ៍សាត់ និងកំពង់ឆ្នាំងជាដើម  ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top