Dap News...Admin

Thursday, May 17th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

EIC ព្យាករណ៍​ កំណើនសេដ្ឋកិច្ច កម្ពុជា នៅឆ្នាំ២០១២ ថាកើនឡើង ៦,២ភាគរយ

E-mail Print PDF

ភ្នំពេញ៖ វិទ្យាស្ថាន សេដ្ឋកិច្ចកម្ពុជា (EIC) បានចេញផ្សាយ នូវរបាយការណ៍ នៃការព្យាការណ៍សេដ្ឋកិច្ចកម្ពុជា ដែលនៅឆ្នាំ២០១២នេះ សេដ្ឋកិច្ចកម្ពុជានឹងកើន ឡើង៦,២ភាគរយ។
យោងតាមរបាយការណ៍ ឃ្លាំមើលសេដ្ឋកិច្ចកម្ពុជា របស់ EIC ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២បានលើកឡើងថា បន្ទាប់ពីងើបឡើងវិញយ៉ាងរឹងមាំ នៅឆ្នាំ២០១០ រួចមក សេដ្ឋកិច្ចកម្ពុជាត្រូវប៉ាន់ស្មានថា អាចសម្រេចបានកំណើនប្រចាំឆ្នាំ នៃផលិតផលស្រុកសរុប(GDP) ចំនួន ៧,៨ភាគរយក្នុងឆ្នាំ២០១១។

តែតាមការគណនារបស់ EIC កំណើន GDP ត្រូវបានព្យាករណ៍ថា នឹងថយមកអត្រាយឺតឆ្នាំមុន គឺចំនួនប្រមាណ ៦,២ភាគរយ ប៉ុណ្ណោះក្នុងឆ្នាំ២០១២។
កាលពីខែកក្កដា ឆ្នាំ២០១១ វិទ្យាស្ថាននេះ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០១១ នឹងកើនឡើងចំនួន ៨,៧ភាគរយ និងនៅឆ្នាំ២០១២ថា នឹងកើនឡើង ៦,៦ភាគរយ ពោលគឺការព្យាករណ៍ថ្មីនេះបានទម្លាក់នូវកំណើនសេដ្ឋកិច្ច។

ការទម្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនេះ ត្រូវបានរបាយការណ៍ EIC បញ្ជាក់ថា ដោយសារតែមូលហេតុ៣យ៉ាង ”ផលប៉ះពាល់ដោយសារទឹកជំនន់ឆ្នាំ២០១១ វិបត្តិបំណុលរដ្ឋដែលកំពុងបន្តកើតមាននៅអឺរ៉ុប និងដំណើរការមិនល្អនៃសេដ្ឋកិច្ចអាមេរិក”។

របាយការណ៍បានបញ្ជាក់ទៀតថា វិស័យកសិកម្មត្រូវបានប៉ាន់ស្មានថា សម្រេចបានអត្រាកំណើនប្រចាំឆ្នាំ ៣,៣ភាគរយក្នុងឆ្នាំ២០១១។ សម្រាប់ឆ្នាំ២០១២ អត្រាកំណើននៃវិស័យនេះអាចនឹងមានចំនួន ៤,៥ភាគរយខ្ពស់ជាងឆ្នាំមុន។ រីឯវិស័យឧស្សាហកម្ម អត្រាកំណើនប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា ចំនួន ១៥,៣ភាគរយ នៅ ឆ្នាំ២០១១ និងព្យាករណ៍ថា នឹងថយមកត្រឹមតែ ៩,៣ភាគរយនៅឆ្នាំ២០១២ ប្រសិនបើស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅតែដំណើរការពុំទាន់ល្អ ហើយវិបត្តិបំណុលអឺរ៉ុបដុនដាប ជាហេតុប៉ះពាល់ដល់សតិអារម្មណ៍ទីផ្សារនានា។

របាយការណ៍បានព្យាការណ៍ថា វិស័យសេវាកម្ម កើនយឺតជាងការរំពឹងទុក ក្នុងអត្រាប្រចាំឆ្នាំចំនួន ៦,១ភាគរយនៅឆ្នាំ២០១១ ថយចុះមក៥,១ភាគរយនៅឆ្នាំ២០១២ ដោយសារតែវិស័យទេសចរណ៍ អាចនឹងរងផលប៉ះពាល់ពីការចាយវាយរឹតត្បឹតជាងមុន នៃបណ្តាទេសចរមកពីអាមេរិក និងអឺរ៉ុប។

នៅឆ្នាំ២០១២នេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នអន្តរជាតិនានា បានព្យាករណ៍ដូចៗគ្នាថាសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងចំនួន ៦,៥ភាគរយ។
នៅក្នុងសន្និសីទស្តីពីចក្ខុវិស័យប្រទេសកម្ពុជាលើកទី៦ ឆ្នាំ២០១២ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១២ ប្រមុខរាជរដ្ឋាភិបាលខ្មែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងពីការព្រួយបារម្ភសេដ្ឋកិច្ចរបស់កម្ពុជា នៅពេលដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុត របស់កម្ពុជាកំពុង ជួបនូវវិបត្តិហរិញ្ញវត្ថុ។ ហើយសម្តេចក៏បានថ្លែងបញ្ជាក់ថា កម្ពុជាត្រូវតែប្រឹងប្រែងធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រីកទីផ្សារនៅក្នុងតំបន់ និងពិភពលោកបន្ថែមទៀត៕

______________________________ផ្សព្វផ្សាយពាណិជ្ជកម្ម__________________________________

SAFE HOME TECHNOLOGY