ហាណូយ ៖ យោងតាមគេហទំព័រ វៀតណាម ឈ្មោះថា “បាវម័រ” ចុះផ្សាយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ថា ការនាំ ចេញបង្កងពីវៀតណាម ទៅកាន់ក្រៅប្រទេសកើនឡើង ។
ប្រភពព័ត៌មានបានចុះផ្សាយថា វៀតណាម រកចំណូលបានប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក តាមរយៈការ នាំអាហារសមុទ្រចេញ ទៅក្រៅប្រទេសនៅក្នុងខែកក្កដា ឆ្នាំ២០១១ ។ ក្នុងនោះការនាំចេញសរុបក្នុងរយៈពេល ៧ខែកន្លងមកនេះ គិតជាទឹកប្រាក់មានចំនួន៣,១ពាន់លានដុល្លារ ដែលចំនួននេះបានកើនឡើង ២៤,៨ភាគរយគិតនៅ ក្នុងអំឡុងពេលដូចគ្នាបើធៀបនឹងឆ្នាំមុន ។
ក្នុងចំណោមអាហារសមុទ្រដែលវៀតណាមបាននាំចេញទៅកាន់ក្រៅប្រទេស បង្កងជាអាហារដែលត្រូវបានគេនាំ ចេញច្រើនលើសលប់ជាងគេ និងមានបរិមាណកើនឡើង ។ គួរបញ្ជាក់ថា ប្រទេសវៀតណាមបាននាំចេញបង្កង ប្រមាណជាង ១១៥ពាន់តោនទៅក្រៅប្រទេស ដោយអាចរក ចំណូលបានជាង១,១ពាន់លានដុល្លារ ដែលចំនួននេះកើនឡើង ជាបន្ដបន្ទាប់តាំងពីយូរយាមកហើយ ។
ថ្វីត្បិតតែការនាំចេញបង្កងទៅ ក្រៅប្រទេសមានបរិមាណកើនឡើងក៏ពិតមែន តែតម្លៃរបស់បង្កងមិនសូវជាប្រែ ប្រួលប៉ុន្មានឡើយ ដោយក្នុងមួយគីឡូក្រាមមានតម្លៃចាប់ពី ៦០-៧០ពាន់ដុងប៉ុណ្ណោះ ។ នៅក្នុងតំបន់ត្រីកោណគេ ឃើញមានរោងចក្រកែច្នៃអាហារសមុទ្រជាច្រើនកន្លែង ដែលពួកគេមានបច្ចេកទេសខ្ពស់ក្នុងការរក្សាអាហារទាំង នោះឱ្យនៅស្រស់បានយូរទៀតផង ។
គេបានដឹងទៀតថា រោងចក្រកែច្នៃទាំងនោះមានឧបករណ៍គ្រប់គ្រាន់ នឹងអាចធ្វើប្រតិបត្ដិការលើជំនួញរបស់ពួកគេ យ៉ាងហោចណាស់ពី៤០-៥០ភាគរយដែរ ក្នុងការរក្សាសុវត្ថិភាពអាហារសមុទ្រឱ្យនៅមានគុណភាពខ្ពស់ ។
គេថែមទាំងដឹងកាន់តែច្បាស់ថា បណ្ដាក្រុមហ៊ុនរកស៊ីជាច្រើននាំគ្នា ប្រមូលទិញផលិតផលសមុទ្រមុនពេលកែច្នៃ ព្រោះថា តម្លៃវាទាបជាង និងអាចយកទៅកែច្នៃតាមអ្វីដែលពួកគេអាចធ្វើបាន និងចែកចាយទៅតំបន់នានាបន្ទាប់ ពីពួកគេបានកែច្នៃរួចដើម្បីបញ្ចេញលក់នៅលើទីផ្សារ និងនាំចេញទៅក្រៅប្រទេស ។









.gif)
