ភ្នំពេញៈ ក្រុមហ៊ុន រ៉ូយ៉ាល់ ខេមបូឌាន លីម៉ូស៊ីន សឺវីស ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ផ្តាច់មុខ នូវសេវា ដឹកជញ្ជូន គណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសលក់រថយន្ត ប្រណីតចំនួន៧០ គ្រឿងចេញវិញ ខណៈដែលតម្រូវការជួល របស់រាជរដ្ឋាភិបាល បានធ្លាក់ចុះបន្តិច ក្រោយពេល កិច្ចប្រជុំកំពូល អាស៊ាន ដែលរៀបចំដោយកម្ពុជា ក្នុងឆ្នាំ២០១២ បានបញ្ចប់ទៅ។
ខណៈកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំអាស៊ីបូព៌ា និង កិច្ចប្រជុំពាក់ព័ន្ធ នានា ផ្សេងៗទៀត កាលពីអំឡុងឆ្នាំ២០១២ កន្លងទៅ តម្រូវការផ្នែករថយន្តប្រណីត ដឹកគណៈប្រតិភូ ដែលមក ចូលរួមក្នុងកិច្ចប្រជុំនេះ មានដល់ទៅ៤០០គ្រឿង ប៉ុន្តែរថយន្តរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ ខេមបូឌាន លីម៉ូស៊ីន សឺវីស ដែលចុះកុងត្រារយៈពេល១៥ឆ្នាំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ២០០៩មកនោះ មានតែ២០០គ្រឿងប៉ុណ្ណោះ ជាហេតុធ្វើឱ្យក្រុមហ៊ុនមួយនេះ សម្រេចទិញរថយន្តប្រណិត ២០០គ្រឿង បន្ថែមទៀត ហើយដល់ពេល កិច្ចប្រជុំទាំងនេះ ចប់សព្វគ្រប់ តម្រូវការក៏បានធ្លាក់ចុះ ទើបបណ្តាលឱ្យ ក្រុមហ៊ុន សម្រេចលក់រថយន្តមួយចំនួនចេញវិញ ។ នេះបើតាមការលើកឡើង របស់លោក ចាកុប មុនត្រូស (Jacob Montross) អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ ខេមបូឌាន លីម៉ូស៊ីន សឺវីស (Royal Cambodian Limousine Service Co.,Ltd) ។
លោក Jacob Montross បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១២ថា រថយន្តប្រណីត ៧០គ្រឿង ដែលនឹងត្រូវបាន ដាក់លក់ ជាលក្ខណៈបង់រំលោះ ឬបង់ផ្តាច់នេះ មានដូចជារថយន្ត Mercedes Bens E280 ស៊េរី២០០៩ ចំនួន៤០គ្រឿង រថយន្ត BMW 730Li ឆ្នាំ២០១២ ប្រភេទសែដេន ចំនួន១៦គ្រឿង និងរថយន្ត BMW 520i ឆ្នាំ២០១២ ប្រភេទសែដេន ចំនួន១៤ គ្រឿង។
លោកបន្ថែមថា “រថយន្តដែលយើងមានសព្វថ្ងៃ លើសពីតម្រូវការទីផ្សារ ហើយរាជរដ្ឋាភិបាលតម្រូវឱ្យយើង មានរថយន្ត ស៊េរី ទំនើបជាប្រចាំ ដូច្នេះយើងត្រូវសម្រេចលក់រថយន្តចាស់ ហើយទិញនូវរថយន្តថ្មីៗ” ។
លោកបញ្ជាក់ថា រថយន្តថ្មីដែលក្រុមហ៊ុនទិញមក មានតម្លៃប្រមាណ ១៣ម៉ឺនដុល្លារអាមេរិក យើងប្រើប្រាស់ បាន ១ឆ្នាំហើយ យើងលក់តែ ៦ម៉ឺនដុល្លារប៉ុណ្ណោះ ហើយអតិថិជន អាចបង់រំលោះ បានរហូតដល់១០ឆ្នាំ ក្នុងអត្រាការប្រាក់ពី៩ទៅ១០ភាគរយ ប៉ុណ្ណោះ។
ទោះជាយ៉ាងណា លោកអគ្គនាយករូបនេះ បានបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ ខេមបូឌាន លីម៉ូស៊ីន សឺវីស នឹងបើកយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បី លក់រថយន្តទាំងនេះ រយៈពេល១ថ្ងៃ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ខាងមុខនេះ បើទោះជាពេលនេះ ក្រុមហ៊ុនបានលក់អស់ ២០គ្រឿង ក្នុងចំណោមរថយន្ត ៧០គ្រឿងនេះ ហើយក៏ដោយ ៕



























