ហ្គាសា, ប៉ាឡេស្ទីន៖ ក្រុមអ្នកតវ៉ា បានចោលស្បែកជើងជាច្រើន ទៅលើលោកអគ្គលេខាធិការ នៃអង្គសហប្រជាជាតិ បាន គីម៉ូន ស្របពេលដែលលោក បង្ហាញវត្តមាន នៅតំបន់ហ្គាសា របស់ប្រទេសប៉ាឡេស្ទីន នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ។ ការធ្វើនេះដែរ ជាការដាក់ទណ្ឌកម្មទៅដល់ការបិទផ្លូវគមនាគមន៍ ពីសំណាក់ប្រទេសអ៊ីស្រាអ៊ែល និងការបដិសេធរបស់លោក បាន គីម៉ូន ក្នុងការជួបជាមួយនឹងគ្រួសារនៃទណ្ឌិតប៉ាឡេស្ទីនទាំងឡាយ។
គេហទំព័រព័ត៌មាន Channel News Asia បានចេញផ្សាយឲ្យដឹងនៅថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ នេះថា ការវាយប្រហារទៅលើលោក បាន គីម៉ូន នេះបានកើតឡើង ពីសំណាក់បាតុករ ៥០នាក់ ដែលពួកគេបានឆ្លងកាត់ចូលតំបន់ទឹកដីរបស់ ប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយពួកហាម៉ាស់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីគ្រាប់រ៉ូកែត ចំនួន ៨គ្រាប់ត្រូវបានគេបាញ់ពីតំបន់ ហ្គាសា ចូលទៅកាន់ភាគខាងជើងប្រទេសអ៊ីស្រាអ៊ែល។
ក្រៅពីការគប់ស្បែកជើង នោះ បាតុករក៏បានប្រើប្រាស់ខ្សាច់ និងដុំថ្ម គប់ទៅលើលោក បាន គីម៉ូន ផងដែរ ហើយបាតុករផ្សេងទៀត បានព្យាយាមវាយសំពង រថយន្តរបស់លោក បាន គីម៉ូន ដោយប្រើប្រាស់កៅអី និងដំបងឈើជាច្រើនទៀត។ ពួកគេបានលើកបង្ហាញរូបថតជនជាតិប៉ាឡេស្ទីន ដែលជាប់គុកនៅអ៊ីស្រាអ៊ែល និងបានស្រែកថា “ បាន គីម៉ូន មានភាពលំអៀងគ្រប់គ្រាន់ហើយ ទៅលើប្រទេសអ៊ីស្រាអ៊ែល”។
ក្រុមស៊ីវិលក្នុងតំបន់ និងអ្នកជំនួញ បានធ្វើពហិការទៅលើផែនការណ៍ ដែលបានដាក់ចេញជាមួយលោក បាន គីម៉ូន ពីព្រោះញាតិសណ្តានរបស់ជនជាតិប៉ាឡេស្ទីន ប្រមាណជា ៥ពាន់នាក់ ដែលកំពុងជាប់គុកនៅប្រទេសអ៊ីស្រាអ៊ែល មិនត្រូវបានគេអនុញ្ញាតឲ្យចូលជួបជាមួយ លោក បាន គីម៉ូន នោះទេ។ បាតុករទាំងអស់បាន ស្រែកថា នេះជាភាពអយុត្តិធម៌មួយដែលពួកគេមិនបានជួបផ្ទាល់ជាមួយមេដឹកនាំយូអិននោះ។





.jpg)




.gif)
