ប៉េកំាង៖ បើតាមសេចក្តីរាយការណ៍ និងប្រភពមួយចំនួន បានឲ្យដឹងថា ប្រេសិតពិសេសរបស់ មេដឹកនាំកូរ៉េខាងជើង បានជួបជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង កាលពីថ្ងៃសុក្រ ដើម្បីផ្តល់នូវចេនា ចង់ចូលរួមជាថ្មី សម្រាប់កិច្ចចរចា ០៦ភាគី ដែលបានផ្អាករយៈពេលយូរ ក្នុងការបញ្ចប់កម្មវិធី នុយក្លេអ៊ែររបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយកាលពីរាត្រីសុក្រ ទី២៤ ដោយផ្អែកតាមការផ្សាយ របស់សារព័ត៌មានចិនថា «លោក ចូ រីយ៉ុង ហេ ប្រធានការិយាល័យនយោបាយ នៃកងទ័ពប្រជាជនកូរ៉េខាងជើង បានជួបជាមួយលោក ស៊ី នៅសាលប្រជុំធំប្រជាជន សម្រាប់ថ្ងៃចុងក្រោយ នៃទស្សនកិច្ចរយៈពេល បីថ្ងៃរបស់លោក មកប្រទេសចិន។ ជាមួយគ្នានោះដែរ លោក ចូ ក៏បានប្រគល់លិខិតផ្ទាល់ខ្លួន របស់មេដឹកនាំ លោក គីម ជុងអ៊ុន ទៅឲ្យលោក ស៊ីផងដែរ។
បើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានផ្សាយដោយផ្អែកតាម ការលើកឡើងរបស់ លោក ស៊ី ក៏បានបញ្ជាក់ជាថ្មីទៀតថា នយោបាយរបស់ចិន គឺការមិនមានអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។
លោកបន្តថា ចិនមានគោលជំហរ ច្បាស់លាស់ខ្លំាងណាស់ ចំពោះបញ្ហាដែលបានកើតឡើង ដោយគ្រប់ភាគីដែលពាក់ព័ន្ធទំាងអស់ គួរតែបញ្ឈប់គោលបំណង សម្រាប់សកម្មភាពអាវុធនុយក្លេអ៊ែរ ហើយងាករកការរក្សាសន្តិភាព ស្ថិរភាព នៅឧបទ្វីបកូរ៉េ និងដោះស្រាយជម្លោះ តាមរយៈកិច្ចចរចា និងពិគ្រោះយោបល់។
ចំណែកលោក ចូ ក៏បានលើកឡើងផងដែរថា ចេតនារបស់កូរ៉េខាងជើង ចង់បើកឲ្យមានកិច្ចពិភាក្សា ទៅលើបញ្ហាដែលបានកើតឡើង ជាមួយភាគីពាក់ព័ន្ធទំាងអស់ ហើយរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បានប្តេជ្ញាចាត់វិធានការ ដើម្បីធ្វើឲ្យប្រាកដប្រជា នូវស្ថិរភាពនៅឧបទ្វីបកូរ៉េផងដែរ។
លោកក៏បានសង្កត់ធ្ងន់ ពីតម្រូវការដើម្បីរក្សាលក្ខខណ្ឌ ស្ថិរភាពខាងក្រៅ សម្រាប់កំណើនសេដ្ឋកិច្ចកូរ៉េខាងជើង និងការធ្វើឲ្យប្រសើរឡើង នៃជីវភាពប្រជាជនរបស់ខ្លូនផងដែរ៕





















