ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួង ការបរទេសកម្ពុជា បានចុះសួរសុខទុក្ខ កងទ័ពនៅប្រាសាទ ព្រះវិហារ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣នេះ ដើម្បីជម្រាបជូន កងទ័ព កម្ពុជា ពីស្ថានការណ៍ ជាក់ស្តែងនៅប្រទេសថៃ នៅមុនពេលតុលាការ យុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ បកស្រាយសាលក្រម ឆ្នាំ១៩៦២ ។
ប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយលោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ត្រូវបានស្វាគមន៍ ដោយនាយពលទាហាន តាមព្រំដែន ក្នុងយោធភូមិភាគទី៤ ទិសទី១ ប្រាសាទ ព្រះវិហារ នៅទីបញ្ជាដ្ឋាន អង្គរក្សចំណុច៩៥ ប្រចាំទិសប្រាសាទព្រះវិហារ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣។
លោក ហោ ណាំហុង បានថ្លែងក្នុងឱកាសសួរសុខទុក្ខកងទ័ពថា បើទោះជាកម្ពុជានិងថៃ មានទំនាក់ទំនង ល្អ តាមផ្លូវការទូត ស្ទើរគ្រប់វិស័យក៏ពិតមែន តែតាមស្ថានភាពជាក់ស្តែង ថៃកំពុងជ្រួលច្របល់ក្នុង រយៈពេល ថ្មីៗនេះ មុនពេលដែលតុលការយុត្តិធម៌ អន្តរជាតិទីក្រុងឡាអេ បកស្រាយសាលក្រម ឆ្នាំ១៩៦២ «ខ្ញុំមានកិត្តិយស និងសប្បាយរីករាយដែល បានចុះមកសួរសុខទុក្ខ ដល់កងទ័ពដើម្បី ជម្រាបជូនស្ថាន ភាព ជាក់ស្តែងនៅប្រទេសថៃ គឺថាថៃកំពុងជ្រួលច្របល់ ណាស់រឿងប្រាសាទព្រះវិហារ នៅមុនពេល តុលាការ យុត្តិធម៌អន្តរជាតិ ក្រុងឡាអេ បកស្រាយសាលក្រម ឆ្នាំ១៩៦២»។
លោកបន្តថា កម្ពុជាបានរៀបចំឯកសារយ៉ាងត្រឹមត្រូវទៅតុលាការឡាអេ រឿងបកស្រាយ សាលក្រម ខណៈដែល ថៃកំពុងជ្រួលច្របល់ «ប្រាសាទព្រះវិហារជារបស់ខ្មែរ រឿងអីដែលខ្មែរ ទទួលសំណើថៃ គ្រប់គ្រង ប្រាសាទរួមគ្នា គេមើលស្រាលណាស់ តែយើងទាត់ចោលទើប មកដល់ថ្ងៃនេះ»។
លោក ហោ ណាំហុង បន្តទៀតថា ដំណោះស្រាយទៅតុលាការទីក្រុងឡាអេ ដោយសារតែអស់ លទ្ធភាព ក្នុងការ ចរចាជាមួយប្រទេសថៃ ដោយសន្តិវិធី ព្រោះថៃជំទាស់រហូត ហើយឥណ្ឌូនេស៊ី ក៏អស់លទ្ធភាព ក្នុង ការចរចា និងបញ្ជូនអ្នកសង្កេតការណ៍ ដើម្បីពិនិត្យមើលការឈប់បាញ់ ដែលសម្រេចដោយ ក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ ទើបទៅតុលាការ ទីក្រុងឡាអេ ឲ្យបកស្រាយ សាលក្រម ឆ្នាំ១៩៦២ ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជការ នៃបញ្ជាការដ្ឋានអង្គរក្ស បានថ្លែង ជម្រាបថា កងពលនៅសមរភូមិក្រោយ នឹងធ្វើតាមបទបញ្ជារបស់ រដ្ឋាភិបាលគឺ សម្តេចតេជោ ហ៊ុន សែនក្នុងការ ការពារប្រាសាទព្រះវិហារ ពីប្រទេសជិតខាង ដែលតែងតែចិញ្ចឹមចិត្តចង់ បានប្រាសាទ ព្រះវិហារខ្មែរ ។
ក្នុងឱកាសនោះដែរ លោកបានថ្លែងអំណរគុណដល់ប្រតិភូ ក្រសួងការបរទេស ដែលតែងតែយក ចិត្ត ទុកដាក់សួរសុខទុក្ខ ដល់កងទ័ពកម្ពុជា នៅសមរភូមិមុខ «កងទ័ពនឹងមិន ធ្វើអ្វីដែលផ្ទុយនឹង បទបញ្ជា របស់ សម្តេចតេជោនោះទេ ។ បច្ចុប្បន្នខាងកងទ័ពកំពុង យកចិត្តទុកដាក់ថែទាំ សុខភាពតាមបន្ទាត់ ព្រំដែន និងស្ថានការណ៍ មួយចំនួន» ។
សូមជម្រាបថា ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បាននាំយកអំណោយមួយចំនួន រួមមាន មី ត្រីខ ទឹកដោះគោ ទឹកសុទ្ធ និងថវិកាមួយចំនួន ដែលនេះជាដំណើរសួរទុក្ខដល់កងទ័ព ការពារ ប្រាសាទព្រះវិហារ ជាច្រើនមកហើយក្នុងអំឡុង ពេលកម្ពុជានិងថៃ មានជំលោះរឿង ប្រាសាទព្រះវិហារ៕











