ភ្នំពេញៈ នាគ្រាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូមិជាន់ខ្ពស់អញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល CLV លើកទី៧, CLMV លើកទី៦ និង ACMECS ទី៥ ចាប់ពីថ្ងៃទី១២-១៣ នៅទីក្រុងវៀងច័ន្ទនោះ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៣ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើបទបង្ហាញស្តីពីប្រវត្តិ និងទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំង៥ នៃតំបន់ទន្លេមេគង្គ ។
នៅក្នុងបទបង្ហាញរយៈពេលប្រមាណជា២០-៣០នាទី ដោយមានការចូលរួមពីក្រុមអ្នកសារព័ត៌មានមកពីអង្គភាព នានាជាច្រើននោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើង និងពន្យល់យ៉ាងលំអិតពីប្រវត្ត នៃកិច្ចប្រជុំ កំពូល ទាំង ព្រមទាំងទិសដៅសម្រាប់អនុវត្ត ប្រយោជន៍ជូនសាធារណជនបានស្វែងយល់កាន់តែច្បាស់អំពីកិច្ច ប្រជុំមួយនេះ។
ខាងក្រោមនេះ គឺជាប្រវត្តិខ្លះៗស្តីពីពីកិច្ចប្រជុំ CLV, CLMV និង ACMECS៖
- CLV (កម្ពុជា ឡាវ វៀតណាម)៖ កិច្ចប្រជុំ CLV ត្រូវបានបង្កើតឡើងដោយថ្នាក់ដឹកនាំ កម្ពុជា, ឡាវ និងវៀត ណាម នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២២០០៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារច នាសម្ព័ន្ធ ទេសចរណ៍ (ប្រទេសបី-គោលដៅតែមួយ) កសិកម្ម និងព្រៃឈើ សហប្រតិបត្តិការបរិស្ថាន និងសង្គម ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជំរុញពាណិជ្ជកម្ម និងវិនិយោគឆ្លងដែន។ តំបន់អភិវឌ្ឍ តំបន់អភិវឌ្ឍន៍ត្រី កោណ ស្ថិតនៅតំបន់ព្រំដែនកម្ពុជា-ឡាវ-វៀតណាម ដោយ គ្របដណ្ដប់ខេត្ដចំនួន ១៣ របស់កម្ពុជា (មណ្ឌល គីរី, រតនគីរី, ស្ទឹងត្រែង និងក្រចេះ), ឡាវ (អាតាពើ, សាឡាវាន, សេកុង និង ចំប៉ាសាក់), វៀតណាម (ដាឡាក, យៀឡៃ, កង់ទុម, ដាក់ណុង និងបីនហ្វួក) ដោយមានផ្ទៃដីសរុបចំនួន ១៤៤.៣០០ គម២ ប្រជាជនសរុបក្នុងឆ្នាំ ២០០៨ ចំនួន ៦.៥លាននាក់ ស្មើនឹង ១៩.៣ភាគរយ និង ៦.១ភាគរយ នៃផ្ទៃដីសរុប និងប្រជាជនសរុបរបស់ ប្រទេសទាំងបី។
CLV បង្កើតឡើងក្នុងបំណងសម្របសម្រួលផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសទាំងបី ក្នុងគោល បំណងគាំទ្រតម្រូវការ នៃសកម្មភាពសេដ្ឋកិច្ចគន្លឹះ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ដូចជាការអភិវឌ្ឍកសិកម្ម និង ឧស្សាហកម្មកែច្នៃ, ឧស្សាហកម្មថាមពល, ទេសចរណ៍ និងពាណិជ្ជកម្ម។
ធ្វើអាជីវកម្មលើសក្ដានុពលកសិកម្ម, ព្រៃឈើ និងទេសចរណ៍ ដើម្បីកំណើន ការអភិវឌ្ឍន៍ តំបន់ត្រីកោណទាំង មូល។ កសាងធនធានមនុស្សសម្រាប់វិស័យសេដ្ឋកិច្ច ដ៏មានសក្ដានុពលបំផុត នៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ដូចជា កសិកម្ម, សេវាទេសចរណ៍ និងឧស្សាហកម្មគាំទ្រពាក់ព័ន្ធ និងឧស្សាហកម្មធុនតូច និងធ្វើដោយដៃ។
សម្របសម្រួលលំហូរទំនិញឆ្លងកាត់ព្រំដែន, ប្រជាជន និងមូលធនវិនិយោគ នៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ តាមរយៈការសម្របសម្រួល និង ការ ប្រមូលផ្ដុំនីតិវិធីគយ និងការចូល, បំបាត់នូវឧបសគ្គចំពោះចលនាប្រជាជន ដូចជា តម្រូវការទិដ្ឋាការ និងធានាឱ្យបាននូវការអនុវត្ដន៍ឯកសារច្បាប់ ច្បាស់លាស់ និងច្បាប់ពាណិជ្ជកម្ម។
- CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម)៖ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំ ២០០០ បានប្រកាសជាផ្លូវការនូវគំនិតផ្ដួចផ្ដើមសម្រាប់សមាហរណកម្ម អាស៊ាន IAI ដើម្បីបន្ថយគម្លាតអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងការប្រកួតប្រជែងរបស់អាស៊ាន ជាតំបន់មួយ ដើម្បីផ្ដល់ក្របខណ្ឌ ការងារសម្រាប់សហប្រតិបត្ដិការតំបន់ ដែលតាមរយៈនេះ ប្រទេសជាសមាជិកអាស៊ាន ដែលមានការអភិវឌ្ឍន៍ជាង អាចជួយប្រទេស ជាសមាជិកណាមួយដែលមានតម្រូវការបំផុត។
នៅឆ្នាំបន្ទាប់រដ្ឋមន្ដ្រីការបរទេសអាស៊ាន បានអនុម័តសេចក្ដីថ្លែងការណ៍ហាណូយ ស្ដីពីការកាត់បន្ថយគម្លាតអភិវឌ្ឍន៍សម្រាប់សមាហរណកម្ម អាស៊ានឱ្យកាន់តែជិតស្និទ្ធ។ ថ្នាក់ដឹកនាំអាស៊ាននៅក្នុងសេចក្ដីថ្លែងការណ៍ឆ្នាំ ២០០៣ ស្ដីពីកិច្ចព្រមព្រៀងបាលី ២ បានសង្កត់ធ្ងន់ថា ការពង្រឹងពង្រីកសមាហរណកម្ម អាស៊ាន ត្រូវអមមក ជាមួយបច្ចេកទេស និងសហប្រតិបត្ដិការអភិវឌ្ឍន៍ ដើម្បីដោះស្រាយការបែងចែកការអភិវឌ្ឍន៍ និងបង្កើនសមាហ រណកម្ម សេដ្ឋកិច្ចរបស់កម្ពុជា, ឡាវ, ភូមា និង វៀតណាម តាមរយៈផែនទីបង្ហាញ ផ្លូវសម្រាប់សមាហរណកម្ម អាស៊ាន ដើម្បីជម្រុញរដ្ឋជាសមាជិក សំដៅឆ្ពោះ ទៅបែបបទរួម និងផលប្រយោជន៍ នៃសមាហរណកម្មអាស៊ាន ត្រូវបានចែករំលែក។
CLMV បង្កើតឡើងក្នុងគោលដៅ ជម្រុញកិច្ចសហប្រត្ដិការប្រកបដោយប្រសិទ្ធភាព និងជួយគ្នាទៅវិញទៅមក
តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងរវាង អាស៊ាន និងពិភពលោក។ កិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ នឹងជួយប្រទេស CLMV ដើម្បីឈានដល់គោលដៅដ៏ទូលំទូលាយរបស់អាស៊ាន និងការប្ដេជ្ញាចិត្ដ សំដៅ សម្រេចឱ្យបាននូវសហគមន៍អាស៊ាន។
សហប្រតិបត្ដិការតំបន់ជាក់លាក់មួយ នឹងជួយរដ្ឋជាសមាជិកដែលមានការអភិវឌ្ឍទាបជាង ដើម្បីសម្រេចឱ្យបាននូវសមាហរណកម្មសេដ្ឋកិច្ចកាន់តែជិតគ្នា។
ទទួលផលប្រយោជន៍ពីផែនការអាស៊ានសម្រាប់សកម្មភាពសមាហរណកម្មសេដ្ឋកិច្ចតំបន់ បង្កើនកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដោយផ្ទាល់សំដៅកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយសមធម៌ និងគ្រប់វិ ស័យ។
ការកៀងគរធនធានថ្មីៗបន្ថែមទៀត គឺជាគន្លឹះមួយយ៉ាងសំខាន់ ដើម្បីអនុវត្ដន៍ផែនការការងារ គំនិតផ្ដួចផ្ដើម សម្រាប់សមាហរណកម្មអាស៊ាន។ ជំនួយ និងធនធាន បានមកពីអាស៊ាន ដៃគូសន្ទនាអាស៊ាន និងដៃគូតាម វិស័យ និងដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុតំបន់ និងអន្ដរជាតិ វិស័យឯកជន មូលនិធិ និងអង្គការក្រៅរដ្ឋាភិបាល។
- ACMECS (យុទ្ធសាស្រ្តសហប្រតិបត្តិការសេដ្ឋកិច្ចអាយេយាវ៉ាឌី-ចៅប្រាយយ៉ា-មេគង្គ)៖ នៅអំឡុងពេល នៃកិច្ច ប្រជុំកំពូលពិសេសស្ដីពីជំងឺសារ (SARS) ដែលបានប្រព្រឹត្ដិធ្វើឡើង នៅទីក្រុងបាងកក ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០០៣ នាយករដ្ឋមន្ដ្រីថៃ ថាក់ស៊ីន ស៊ីណាវាត្រា បានលើកឡើងនូវគំនិតផ្ដួចផ្ដើម នៃការបង្កើតយុទឹសាស្ដ្រសហប្រតិបត្ដិការសេដ្ឋកិច្ច ជាមួយថ្នាក់ដឹកនាំកម្ពុជា, ឡាវ និងភូមា។
ACMECS បង្កើតឡើងក្នុងទិសដៅ បន្ថយគម្លាតសេដ្ឋកិច្ចរវាងប្រទេសទាំងបួន និងលើកកម្ពស់ វិបុលភាព នៅក្នុងអនុតំបន់ ប្រកបដោយចេរភាព។ វិបុលភាពនេះ មិនត្រឹម តែផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំងបួននោះទេ ប៉ុន្ដែថែមទាំងផ្ដល់ តម្លៃ បន្ថែមចំពោះអាស៊ាន និងសាមគ្គីភាពរបស់ខ្លួន។ ភាពខ្លាំងរបស់ កម្ពុជា, ឡាវ, ភូមា និងថៃ គឺមានន័យថា ជាភាពខ្លាំងរបស់អាស៊ានទាំងមូល។ ក្របខណ្ឌការងារ នៃសហប្រតិបត្ដិការថ្មីនេះ នឹងដើរតួនាទីការកសាងគ្រឹះយ៉ាងរឹងមាំ និងនាំអាស៊ាន ឆ្ពោះទៅជំហានមួយយ៉ាងលឿន ដោយឈរលើមូលដ្ឋានការទុកចិត្ដលើខ្លួនឯង និងវិបុលភាពរួម។
កិច្ចប្រជុំកំពូលទាំង៣ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីឆ្នាំ២០១០ ដោយទទួលបានលទ្ធផលគួរកត់សម្គាល់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ចូលរួមកិច្ច ប្រជុំកំពូល CLV, CLMV និង ACMECS នៅថ្ងៃទី១២-១៣ ខែមីនា នៅទីក្រុងវៀងច័ន្ទ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួល បាននៅ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ថា តបតាមការអញ្ជើញរបស់លោក ង្វៀន តាន់យុង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម និងលោក ថងស៊ីង ថាំម៉ាវង់ នាយករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូល CLV កម្ពុជា-ឡាវ -វៀតណាម កិច្ចប្រជុំកំពូល CLMV លើកទី៦ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងកិច្ចប្រជុំកំពូលអេកម៉ិច (ACMECS) លើកទី៥ នៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ដែលនឹងប្រព្រឹត្តទៅ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១២-១៣ ខែមីនា នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ប្រភពដដែលឱ្យដឹងថា គណៈប្រតិភូអមដំណើររួមមាន លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេ ស លោក ចម ប្រសិទ្ធិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានក្រុមប្រឹក្សាអភិ វឌ្ឍនកម្ពុជា និងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងអំឡុង ពេលកិច្ចប្រជុំកំពូលខាងលើនេះ ថ្នាក់ ដឹកនាំ នៃប្រទេសជាសមាជិក CLV នឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ រួមស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម ។
ចំណែកថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក CLMV និង ACMECS នឹងអនុម័តលើឯកសារមួយចំនួនដូចខាង ក្រោម៖
ទី១- សេចក្តីថ្លែងការណ៍ រួមរបស់កិច្ចប្រជុំកំពូល CLMV លើកទី៦ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម
ទី២-សេចក្តីថ្លែងការណ៍ទីក្រុងវៀងច័ន្ទរបស់កិច្ចប្រជុំកំពូល ACMECS លើកទី៥ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀត ណាម
ទី៣- ផែនការសកម្មភាពយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ACMECS ឆ្នាំ២០១៣-២០១៥។
ក្រៅពីកិច្ចប្រជុំ សម្តេចតេជោ ហ៊ុនសែន នឹងជួបសំដែងការគួរសមជាមួយលោក ជុំម៉ាលី សាយ៉ាសូន ប្រធានាធិ បតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕












