ភ្នំពេញ៖ ស្ត្រីជាប្រពន្ធត្រូវ ប្តីវាយរហូតសន្លប់ រួចគេចខ្លួនបាត់ ហើយត្រូវបាន អ្នកជិតខាងជួយសង្គ្រោះ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ ខណ:មានសម្រែក របស់ស្រី្តរងគ្រោះ រកគេឯងជួយ ទើបត្រូវអ្នកជិតខាង ជួយហៅ រថយន្តសាមុយដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ កើតឡើងនៅចំណុចផ្ទះលេខ ១១៤ ផ្លូវ ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមននា ។
ប្រជាពលរដ្ឋ រស់នៅជិតខាងបាន ឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ជី ចាន់ណារី ហៅក្រៅ យាយ តឿ អាយុ ៥០ឆ្នាំ ហើយបុរសជាប្តី ដែលតែងតែប្រព្រឹត្តិ អំពើហិង្សានោះ ឈ្មោះ អ៊ុយ សៀក អាយុ ៥២ឆ្នាំ ពេលនេះបានរត់គេច ខ្លួនបាត់ស្រមោល ។ ចំពោះករណីហិង្សាប្តី វាយប្រពន្ឋនេះ សមត្ថកិច្ចមូលដ្ឋាន ក៏មិនទាន់ដឹងថា កើតឡើងដោយសារ មូលហេតុអ្វី ច្បាស់លាស់នោះទេ ហើយសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និងតាមរកប្តីកំណាចនោះ ។
ប្រជាពលរដ្ឋ នៅក្បែរខាង ដែលបានឃើញ ស្ត្រីរងគ្រោះខាងលើ បានប្រាប់សមត្ថកិច្ច មូលដ្ឋានថា ២នាក់ប្តីប្រពន្ធវ័យចំណាស់ នេះតែងតែមាន ទំនាស់នឹងគ្នា ស្ទើរជារៀងរាល់ថ្ងៃ ។
ដោយសារ តែបញ្ហានេះហើយ ទើបបានជានៅ យប់កើតហេតុ អ្នកជិតខាងមិន រវីរវល់អើរពើជួយ នៅពេលឮ ស្ត្រីជាប្រពន្ធស្រែកហៅឲ្យគេជួយ លុះព្រឹកឡើង នៅតែឮ សម្រែកស្ត្រីរងគ្រោះស្រែកឲ្យ គេជួយដដែល ទើបស្ត្រីម្នាក់ដែលជា អ្នកជិតខាងគ្នា កំពុងហាលខោអាវ រួចក៏ដើរទៅអើតមើល ទើបឃើញស្ត្រី រងគ្រោះកំពុងដេកដួលក្នុងផ្ទះដោយមានឈាម ពេញខ្លួនប្រាណផង ទើបរាយការណ៍ទៅ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ដើម្បីមកអន្តរាគមន៍ជួយស្ត្រីរងគ្រោះ និងបានដឹកបញ្ជូន ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៕
ប្តីវាយប្រពន្ធ រហូតសន្លប់ រួចរត់គេចខ្លួន



