ព្រះវិហារ ៖ ជនសង្ស័យចំនួន ៧នាក់ ត្រូវបានកម្លាំង នគរបាល ខេត្ដព្រះវិហារ ដោយមានការ សហការ ពីកម្លាំងនគរបាល ស្រុកស្វាយលើ ខេត្ដ សៀមរាប ឃាត់ខ្លួន ជាបន្ដបន្ទាប់ ក្រោយពីជនសង្ស័យទាំងនេះ បានធ្វើល្បិច យកមាសក្លែងក្លាយទៅលក់ ហើយបន្លំលួចលុយ របស់ជនរងគ្រោះ កាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅក្នុង ផ្សារកំពង់ប្រណាក ភូមិកណ្ដាល សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្ដព្រះ វិហារ ។
យោងតាមមន្ដ្រីនគរបាល ក្រុងព្រះ វិហារបានឱ្យដឹងថា នៅវេលាម៉ោងកើត ហេតុខាងលើ មានជនសង្ស័យបានយក មាសក្លែងក្លាយទៅលក់ឱ្យឈ្មោះ យឹម ផារី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរលក់មាស រស់នៅភូមិ សង្កាត់កើតហេតុខាងលើ ពេល នោះ ស្រាប់តែជនសង្ស័យបានបន្លំលួចលុយ ដុល្លារ ចំនួន ១៣០០ដុល្លារ និងប្រាក់រៀល ជាង ៦០ម៉ឺនរៀល ។ ក្រោយពីទទួលបាន ព័ត៌មានថា មានករណីឆបោកខាងលើនេះ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្ដសៀមរាប ក្រោមការដឹកនាំផ្ទាល់ ពីលោកវរសេនីយ៍ ឯក កែវ ចម្រើន ស្នងការរងនគរបាល និង ជាប្រធានការិយាល័យ កណ្ដាល នគរបាល យុត្ដិធម៌បានដឹកនាំកម្លាំង ចុះធ្វើការស្រាវ ជ្រាវ ចាប់បានជនសង្ស័យ ២នាក់ ក្នុងនោះ ស្រីម្នាក់ ប្រុសម្នាក់ ។
មន្ដ្រីនគរបាលបានបន្ដថា បន្ទាប់ពីមាន ការបញ្ជាពីលោកស្នងការនគរបាលខេត្ដ ឧត្ដមសេនីយ៍ ស៊ី គីរី សមត្ថកិច្ចបានសួរ ចម្លើយជនសង្ស័យ ទាំងនេះ ហើយបាន កំណត់មុខសញ្ញា ក៏ឈានទៅដល់ការចាប់ ខ្លួន ជនសង្ស័យ ៥នាក់ផ្សេងទៀត ដោយ មានការចូលរួមពីកម្លាំងនគរបាលស្រុក ស្វាយលើ ខេត្ដសៀមរាប ដែលចាប់បាន ពួកគេ នៅព្រំប្រទល់ខេត្ដសៀមរាប និង ខេត្ដព្រះវិហារ ។ មន្ដ្រីនគរបាលបានបន្ដថា ជនសង្ស័យទាំង ៥នាក់ខាងលើនេះ រួមមាន ទី១ ឈ្មោះ អុំ សុខ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ទី២ ឈ្មោះ ហេង និមល ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ទី៣ ឈ្មោះ យី សំណាង ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ជាងជួសជុលទូរទស្សន៍ ស្នាក់ នៅសង្កាត់បឹង កេងកងទី៣ ខណ្ឌចំការមន ទី៤ ឈ្មោះ អុំ សាយ ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិសែនអន្លូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្ដកំពត ទី៥ ឈ្មោះ ឡូក វណ្ណា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី រស់នៅភូមិភ្នំ៧ ឃុំ ចាក់ក្រៃ ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង ទី៦ ឈ្មោះ ហ៊ាង វ៉ាន់ឌី ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្ដ ក្រចេះ និងទី៧ ឈ្មោះ គុយ សុរ៉ាត់ ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិត ប្រាកដ រស់នៅភូមិដំណាក់កន្ទួត ឃុំដំណាក់ កន្ទួត ស្រុកកំពង់ត្រាច ខេត្ដកំពត ។
បើតាមសមត្ថកិច្ច ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងនេះ កម្លាំងសមត្ថកិច្ចបាន ដកហូតវត្ថុតាងមួយចំនួន ដូចជា រថយន្ដ កាមរី ១គ្រឿង ប្រាក់រៀល ៦២ម៉ឺនរៀល ប្រាក់ដុល្លារ ១៣០០ដុល្លារ ខ្សែកក្លែងក្លាយ ចំនួន ២ខ្សែ ទម្ងន់ ១ដំឡឹង ៩ជី និងសម្ភារៈ ប្រើប្រាស់មួយចំនួនទៀត ។ បច្ចុប្បន្នជន សង្ស័យទាំងនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះ អាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ដព្រះ វិហារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ៕














