ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៣ខាងមុខ វិទ្យាស្ថានប៉ាស្ទ័រនឹង ប្រារឰខួបលើកទី៦០ នៃវត្ដមានរបស់ខ្លួននៅ ប្រទេសកម្ពុជា ដោយមានការចូលរួមជា អធិបតីពីសំណាក់លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី ក្រសួង សុខាភិបាល លោក ស៊ែហ្ស ម៉ូស្ទូរ៉ា (Serge Mostura) ឯកអគ្គរដ្ឋទូត តែងតាំងនៃប្រទេសបារាំង ប្រចាំនៅកម្ពុជា និងលោកស្រីសាស្ដ្រាចារ្យ អាលីស ដូទ្រី (Alice Dautry) អគ្គនាយិកាវិទ្យាស្ថាន ប៉ាស្ទ័រ។
យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ស្ថានទូតបារាំង ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលទទួលបាន នៅថ្ងៃទី៨ ខែមីនាឆ្នាំ២០១៣ បានឲ្យដឹងថា ក្នុងឱកាសប្រារព្ធខួបលើកទី៦០ នោះដែរ នឹងមានពីធីបញ្ចុះបឋមសិលា កសាងអាគារស្រាវជ្រាវថ្មីមួយ កំរិតតំបន់ ដើម្បីសិក្សាអំពីជំងឺឆ្លងនានា និងភ្នាក់ងារបង្ករជំងឺថ្មីៗ (PR-ASIE) ហើយបច្ចុប្បន្ន នៅនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានបុគ្គលិកចំនួន១៦០នាក់ កំពុងបំពេញការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នានានៅអាស៊ីអាគ្នេយ៍។
នាពេលថ្មីៗនេះ កិត្ដិនាមរបស់វិទ្យាស្ថានកាន់ តែល្បីរន្ទឺតាមរយៈការ សិក្សាស្រាវជ្រាវអំពីជំងឺ ផ្ដាសាយបក្សី ជំងឺគ្រុនឈីក (ឈីកគុនហ្គុនយ៉ា) និងជំងឺពងបែកជើង-ដៃ-មាត់ ដោយមានការគាំទ្រពីអង្គការអន្ដរជាតិធំៗ ដូចជាអង្គការសុខភាព ពិភពលោក អង្គការស្បៀងអាហារពិភពលោក មូលនិធិសាកល និងធនាគារអភិវឌ្ឍន៍អាស៊ី។
ប្រភពព័ត៌មានដដែលបន្តថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បច្ចុប្បន្នត្រូវបានទទួលស្គាល់ថា ជាស្ថាប័នស្រាវជ្រាវថ្នាក់តំបន់។ សកម្មភាព ដំបូងនៃការស្រាវជ្រាវថ្នាក់តំបន់អំពីរោគរលាកខួរក្បាល បានចាប់ផ្ដើមដំណើរការ ហើយនៅដើមឆ្នាំ២០១៤ មជ្ឈមណ្ឌល ថ្នាក់តំបន់ដើម្បីការសិក្សាពីជំងឺឆ្លង (PR-Asie) នឹងអនុញ្ញាតឱ្យមានការសំរបសំរួលកិច្ចខិតខំប្រឹងប្រែង រួមគ្នាពីសំណាក់ អ្នកស្រាវជ្រាវក្នុងតំបន់ក្នុង ការសិក្សាអំពីជំងឺដែលទើប នឹងកើតថ្មីៗ។ កិច្ចការនេះទទួល បានហិរញ្ញប្បទានពីវិទ្យាស្ថាន ប៉ាស្ទ័រ ពីអង្គការ IMMI/INSERM, ANRS, AIRD/IRD, មូលនិធិ Mérieux និងការគាំទ្រពីអង្គការ CIRAD, CNRS ព្រមទាំងសកលវិទ្យាល័យនានា។
មជ្ឈមណ្ឌលថ្នាក់តំបន់នេះ ក៏ជាកន្លែងបណ្ដុះបណ្ដាល អ្នកស្រាវជ្រាវវ័យក្មេងផងដែរ។ គំរោងថ្មីមួយទៀតដែលមានទឹកប្រាក់៣.៥លានដុល្លារនឹងចាប់ផ្ដើមដំណើរការ ផងដែរនៅឆ្នាំនេះ ក្នុងក្របខ័ណ្ឌគំរោងតំបន់ ECOMORE ។ គំរោងនេះទទួលបាន ហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ហើយមានគោលដៅប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺនានា (ដូចជាគ្រុនឈាម គ្រុនឈីក គ្រុនចាញ់) ដែលបង្កឡើងដោយ បំលាស់ប្ដូរបរិស្ថាន។
ក្នុងក្របខ័ណ្ឌនៃការប្រារពខួប៦០ឆ្នាំនេះដែរ ពិព័រណ៍មួយឈ្មោះ «មន្ទីរពិសោធន៍នៃការបង្កើត » នឹងត្រូវធ្វើឡើងនៅ ថ្ងៃទី១២ ខែមិនា នៅសណ្ឋាគារសូហ្វីតែល ដោយមានការដាក់តាំងបង្ហាញ រូបថតប្រមាណ៦០សន្លឹក និងវត្ថុសិល្បៈនានា ពាក់ព័ន្ធនឹងលោកប៉ាស្ទ័រ។
គួរបញ្ជាក់ថា វិទ្យាស្ថានប៉ាស្ទ័រមានវត្ដមាន នៅកម្ពុជាតាំងពីឆ្នាំ១៩៥៣មក ដែលដំបូងឡើយមាន តួនាទីអភិវឌ្ឍវ៉ាក់សាំង ហើយមិនយូរ ប៉ុន្មានក៏បានសាងសង់មន្ទីរ ពិសោធន៍ស្រាវជ្រាវនៅប្រទេសកម្ពុជា។ ក្រោយពីការផ្អាកដំណើរការ ភ្លាមៗនៅឆ្នាំ១៩៧៥ វិទ្យាស្ថានប៉ាស្ទ័របាន វិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៨៥ ដោយរក្សានូវបេសកកម្មស្រាវជ្រាវ របស់ខ្លួនក្នុងវិស័យសុខភាពសាធារណៈ និងការបណ្ដុះបណ្ដាលអ្នកស្រាវជ្រាវខ្មែរ ដោយសហការជាពិសេស ជាមួយសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល៕












