កោះកុង-ស្វាយរៀង-ព្រះវិហារ ៖ ប្រធានមន្ទីរ ធនធានទឹក ខេត្ដកោះកុង និងប្រធានមន្ទីរ ធនធានទឹក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០១៣ នេះ បាននាំយកអំណោយរបស់ លោករដ្ឋមន្ដ្រី លឹម គានហោ រួមមានទឹក សុទ្ធវីតាល់ និងមីយើង ទៅចែកជូនដល់ ក្រុមយុវជនស្ម័គ្រចិត្ដ និងក្រុមមន្ដ្រីវាល ដែលកំពុងឈរជើង ចុះវាស់វែងដីធ្លី នៅក្នុង ខេត្ដទាំងពីរនេះ ។
សម្រាប់ខេត្ដកោះកុង ប្រធានមន្ទីរធនធានទឹក លោក សាញ់ មុន្នីរ័ត្ន បានឱ្យដឹងថា ក្រុមការងាររបស់លោក ដោយ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំខេត្ដ នៅព្រឹកថ្ងៃទី០៨ ខែមីនា នេះ បាននាំ យកអំណោយជា ទឹកសុទ្ធវីតាល់ ចំនួន ៥០ កេះ និងមីចំនួន ៣០កេះ ចែកជូនដល់ ក្រុមយុវជនស្ម័គ្រចិត្ដចំនួន ចំនួន២ ក្រុម នៅ ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ។
លោក សាញ់ មុន្នីរ័ត្ន បានបន្ដថា ក្រុមយុវជនស្ម័គ្រចិត្ដ និងក្រុម មន្ដ្រី វាលចំនួន ២ក្រុម ដែលទទួល អំណោយខាងលើនេះ កំពុងឈរជើងចុះវាស់វែងដីធ្លី នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ។ បើតាម លោក សាញ់ មុន្នីរ័ត្ន ក្រុមការងាររបស់លោក នឹងបន្ដយកអំ ណោយទាំងនេះ ទៅចែកជូនដល់ក្រុមយុវ ជនស្ម័គ្រចិត្ដ នៅក្នុងខេត្ដកោះកុងទាំងអស់ ចំនួន ៧ក្រុម ។
ដោយឡែក នៅខេត្ដស្វាយរៀង ប្រធានមន្ទីរ ធនធានទឹកខេត្ដ លោក គឹម សាវុធ ក៏បាននាំយកអំណោយ របស់លោករដ្ឋមន្ដ្រី ទៅចែកជូន ដល់ក្រុម យុវជនស្ម័គ្រចិត្ដ ចំនួន ៣ក្រុម នៅថ្ងៃទី៨ ខែមីនា រួមមាន ក្រុមទី១ ទី២ និងក្រុមទី៣ ដែលស្ថិតនៅសាលាឃុំត្រស់ ស្រុករមាសហែក ដោយក្នុងមួយ ក្រុមៗ ទទួលបានទឹកបរិសុទ្ធវីតាល់ ចំនួន ៥០កេះស និងមីយើងចំនួន ៣០កេះ ។
ប្រធានមន្ទីរធនធានទឹករូបនេះ បានបន្ដថា នៅទូទាំងខេត្តស្វាយរៀង មានតែបីក្រុមប៉ុណ្ណោះ។
ប្រធានមន្ទីរ ធនធានទឹក ខេត្ដព្រះវិហារ លោក ចាប កុយ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០១៣ នេះ បាននាំយកអំណោយរបស់ លោករដ្ឋមន្ដ្រី លឹម គានហោ រួមមានទឹក សុទ្ធវីតាល់ និងមីយើង ទៅចែកជូនដល់ ក្រុមយុវជនស្ម័គ្រចិត្ដ និងក្រុមមន្ដ្រីវាល ដែលកំពុងឈរជើង ចុះវាស់វែងដីធ្លី នៅក្នុងខេត្ដបានចំនួន៧ក្រុម ។
លោក ចាប កុយ បានឱ្យដឹងថា ក្រុមការងាររបស់លោក ដោយ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំខេត្ដ នៅព្រឹកថ្ងៃទី០៨ ខែមីនា នេះ បាននាំ យកអំណោយជា ទឹកសុទ្ធវីតាល់ ចំនួន ៥០ កេះ និងមីចំនួន ៣០កេះ ចែកជូនដល់ ក្រុមយុវជនស្ម័គ្រចិត្ដចំនួន ចំនួន៧ក្រុម ក្នុងនោះ នៅស្រុករៀង២ក្រុម ស្រុកត្បែងមានជ័យ១ក្រុម ស្រុកជាំក្សាន្ត១ក្រុម ស្រុកជ័យសែន១ក្រុម ក្រុងព្រះវិហារ១ក្រុម និងស្រុក ត្បែងមានជ័យ១ក្រុម។ លោកបានបន្តថា នៅសល់ចំនួន៣ក្រុមទៀត នៅស្រុកសង្គមថ្មីចំនួន២ក្រុម និងស្រុកគូលែន១ក្រុម ដែលលោក នឹងចែកជាបន្តបន្ទាប់។
នៅចំពោះមុខក្រុមយុវជនទាំងនោះ ប្រធានមន្ទីរធនធានទឹក ទាំង ២ ខេត្ដ បាន ផ្ដាំផ្ញើការសួរសុខទុក្ខ របស់លោករដ្ឋមន្ដ្រី លឹម គានហោ ហើយជំរុញឱ្យក្រុមយុវជន បង្កើនប្រសិទ្ធភាពការងារ កាន់តែឆាប់ រហ័សថែមទៀត ក្នុងការចុះវាស់វែងដីធ្លីជុន ប្រជាពលរដ្ឋ ដែលកំពុងឈរជើងនៅក្នុង ខេត្ដទាំងនេះ ៕































