- លោក កែវ សែន ត្រូវបានថ្នាក់លើ តែងតាំង ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល មូលដ្ឋានក្រសួងមហាផ្ទៃ
បន្ទាយមានជ័យៈ ប្រកាសតែងតាំងលោក តាន់ ស្វាង ជាអភិបាលស្រុកអូរជ្រៅ ខណៈលោក កែវ សែន ត្រូវបានថ្នាក់លើ តែងតាំង ជាអគ្គនាយករង នៃអគ្គនាយកដ្ឋាន រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ។
ពិធីនេះ ត្រូវបានប្រកាសតែងតាំង កាលពីវេលាម៉ោង ៣ល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣ នៅសាលាស្រុកអូរជ្រៅ ក្រោមអធិបតីភាព លោក អ៊ុង អឿន អភិបាលខេត្ត បន្ទាយមាន ជ័យ ក្រោមការអញ្ជើញចូលរួម ពីមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ក្នុងខេត្តទាំងមូល។
លោក កែវ សែន ក្រោយពីបំពេញ តួនាទីជាអភិបាលស្រុកអូរជ្រៅ អស់រយៈពេល ជាច្រើន ឆ្នាំ មានស្នាដៃល្អ ជាមួយបក្ស ធ្វើការជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានល្អ បច្ចប្បន្ននេះ លោកត្រូវបាលរាជរដ្ឋាភិបាល តែងតាំងលោក ជាអគ្គនាយករង នៃអគ្គនាយកដ្ឋាន រដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ ។
ក្រោយរំដោះ ៧ មករា ឆ្នាំ១៩៧៩ លោក កែវ សែន ត្រូវបានថ្នាក់ដឹកនាំ តែងតាំងជាប្រធានយុវជនខេត្តពោធិសាត់ ។ ក្រោយបោះឆ្នោតនៅឆ្នាំ ២០០៤ខណៈស្រុកអូរជ្រៅ ជាអភិបាលស្រុកអូរជ្រៅ ពេលនោះ មេឃុំគឺគ្រប់គ្រងដោយលោក ហាយ ណៃហេង មកពី គណបក្ស សម រង្ស៊ី ដល់ឆ្នាំ២០០៧ ដោយការដឹកនាំល្អ ប្រកបដោយប្រជាប្រិយភាព មេឃុំត្រូវបាន ដឹកនាំដោយមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជាវិញ អំឡុងពេល ដែល លោក កែវ សែន កាន់តំណែង ហេដ្ឋានរចនាសម្ពន្ធ័ មានភាពរីចម្រើន ហើយផ្លូវមួយចំនួន ត្រូវបានចាប់ផ្តើម ស្ថាបនាជាផ្លូវបេតុង ជាលើកដំបូង ទន្ទឹមគ្នានោះ ភាពអនាធិតេយ្យ ចាប់ ផ្តើមមានសណ្តាប់ធ្នាប់ និងសន្តិសុខល្អ ហើយពលរដ្ឋបានចាប់ផ្តើមគោរពច្បាប់ជាធំ។
នៅឆ្នាំ២០០៩ ស្រុកអូរជ្រៅ ត្រូវបានរាជរដ្ឋាភិបាល កែប្រែជាក្រុងប៉ោយប៉ែត មាន២សង្កាត់ គឺសង្កាត់ប៉ោយប៉ែត និងសង្កាត់និមិត្ត ហើយស្រុកអូរជ្រៅ ត្រូវបានគេយកទៅ ដាក់ទីតាំង នៅឃុំកូប ត្រង់ចំនុចរ៉ាសុភីវិញ មានឃុំចំនួន៧ ភាគច្រើន គ្រប់គ្រងដោយមេឃុំ មកពី គណបក្ស សម រង្ស៊ី ក្រោមការដឹកនាំរបស់លោក កែវ សែន ក្រោយបោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជា ដណ្តើមបានកៅអីចំនួន១៤ ។
លើសពីនេះទៀតនោះ មេឃុំសុភី ដែលនៅគណបក្ស សម រង្ស៊ី ក៏បានចុះចូលមក គណបក្សប្រជាជនកម្ពុជាផងដែរ ៕












