left
Safe Home

Dap News...Admin

Saturday, May 25th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

គណៈកម្មាធិការ ជាតិទន្លេមេគង្គ កម្ពុជារៀបចំ សិក្ខាសាលាថ្នាក់ជាតិ ស្តីពីវឌ្ឍនភាព នៃការអនុវត្តផែនការ អភិវឌ្ឍន៍អាងទន្លេ ឆ្នាំ២០១១ ២០១៥

E-mail Print PDF

សៀមរាប៖ គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា (គ.ជ.ទ.ម.ក) ក្នុងក្របខណ្ឌ គណៈកម្មការ ទន្លេមេគង្គ (MRC) នាថៃ្ងទី២៣-២៤ ខែឧសភា ឆ្នាំ២០១៣ បានរៀបចំសិក្ខាសាលា ថ្នាក់ជាតិមួយ ដើម្បីពិនិត្យលើ ភាពរីក ចម្រើន នៃកម្មវិធីកសាងផែនការអភិវឌ្ឍន៍អាងទន្លេ(BDP) និងរៀបចំផែនការសកម្មភាពជាក់ស្តែង សម្រាប់ អនុវត្តក្នុងឆ្នាំ២០១៣

សិក្ខាសាលានេះ បានរៀបចំឡើងនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ទីរួមខេត្តសៀមរាបដោយមាន សិក្ខាកាមចូលរួម សរុប ចំនួន៤២នាក់ ជាសមាជិកអនុគណៈកម្មាធិការ និងជាសមាជិកក្រុមសម្របសម្រួល ការងាររៀបចំផែនការ មកពីក្រសួង ស្ថាប័នជា សមាជិកគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា។

លោក ស៊ិន នីនី អនុប្រធានអចិន្រៃររយ៍ ក្នុងនាមលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានមានប្រសាសន៍ក្នុងពិធីថ្លែងបើកអង្គសិក្ខាសាលាថា «ការកសាងផែនការអភិវឌ្ឍន៍អាងទន្លេ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង១៣ របស់គណៈកម្មការ ទន្លេមេគង្គ ដែលបាននិងកំពុងអនុវត្តតាំងពីឆ្នាំ២០០១ រហូតមកទល់បច្ចុប្បន្ននេះ បានសម្រេចនូវសមិទ្ធិផល សំខាន់ៗជាច្រើន រួមមានការពង្រឹងសមត្ថភាពគ្រប់គ្រងធនធានទឹកចម្រុះ ឯកសារយុទ្ធសាស្រ្ៗអភិវឌ្ឍន៍ អាងទន្លេ ដែលប្រទេសទាំង៤ កម្ពុជា វៀតណាម ឡាវ និងថៃ បានអនុម័តនាខែមករា ឆ្នាំ២០១១ និងឯកសារ ផែនការចង្អុលថ្នាក់ជាតិ សម្រាប់អនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍអាងទន្លេមេគង្គ»។

ជាលទ្ធផល អង្គសិក្ខាសាលាបានពិភាក្សា និងបានកត់ត្រារបាយការណ៍វឌ្ឍនភាព នៃការអនុវត្តកម្មវិធី នាឆ្នាំ ២០១១-២០១២ កន្លងមក និងបានអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០១៣។

គ.ជ.ទ.ម.ក ឬ CNMC ជាស្ថាប័នជាតិមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ របស់រាជរដ្ឋាភិបាល ដែលមានបេសកកម្មយ៉ាងសំខាន់ សម្រាប់សម្របសម្រួលក្នុងការគ្រប់គ្រង ការការពារ ការអភិរក្ស និង ការអភិវឌ្ឍធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀត ក្នុងអាងទន្លេមេគង្គ។

គោលដៅសំខាន់ៗរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា គឺជាការជួយលើកទឹកចិត្ត ដល់គ្រប់មជ្ឈដ្ឋាន ដើម្បីយកចិត្តទុកដាក់ខ្ពស់ បង្កើន និងរក្សានូវកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រសើរ ក្នុងក្របខណ្ឌការងារមេគង្គ ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការដ៏ល្អ៕

ប្រជុំផ្សព្វផ្សាយ ច្បាប់ជល ផលទប់ស្កាត់ ការកាប់រានព្រៃលិចទឹក និងប្រើប្រាស់ ឧបករណ៍ ខុសច្បាប់

E-mail Print PDF

កំពង់ឆ្នាំងៈ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ នេះ នៅទីតាំង វត្តសេរីរតនារាម ស្ថិតនៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានពិធីប្រជុំផ្សព្វផ្សាយ ដល់ប្រជានេសាទ ចូលរួមប្រមាណជាង ១០០នាក់ ដើម្បី ទប់ស្កាត់ការព្រៃលិចទឹក និងការប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ ។ 

កិច្ចប្រជុំខាងលើនេះ រៀបចំដោយអង្គការ មហាជន ដើម្បីការអភិវឌ្ឍន៍ស្ត្រី ភូមិកណ្តាល ក្នុងឃុំច្រណូក ស្រុក កំពង់លែង និងគាំទ្រថវិកា ដោយអង្គការហ្វរ៉ុមស៊ីត  សហការអង្គការ FACT  (សម្ពន្ធ័ភាពអភិវឌ្ឍន៍ធនធានជល ផល) ដែលបានប្រព្រឹត្តទៅ ក្រោមវត្តមាន លោក លី ឡា នាយរង ខណ្ឌរដ្ឋបាលជលផល និងលោក ផៅ ស្រៀង អភិបាលរងស្រុកកំពង់លែង ជាគណៈអធិបតី ។

យោងតាម របាយការណ៍ ដែលអានដោយ លោកស្រី គឹម សុគន្ធ ប្រធានអង្គការ មហាជន បានឲ្យដឹងថា អង្គការ មហាជនបានកើតឡើង ដោយស្មគ្រ័ចិត្ត ដាក់ប្រាក់សន្សំ ទៅតាមលទ្ធភាពរៀងៗខ្លួន ដែលឈរនៅលើគោល បំណងចូលរួមដោះស្រាយ ជួយគ្នាទៅវិញទៅមក ទៅលើបញ្ហាផ្នែកជីវភាព និងជួយជាបុគ្គល ឬតាមក្រុមនីមួយៗ ។  ជួយបញ្ជៀសឲ្យបានធូរស្រាល នូវបញ្ហាជំពាក់បំណុល ដែលមានការប្រាក់ខ្ពស់ និង ចង់ឲ្យ ស្ត្រីបានចូលរួម ក្នុងការអភិវឌ្ឍន៍ មូលដ្ឋានរបស់ខ្លួន ។

លោកស្រី គឹម សុគន្ធ បានបន្តឲ្យដឹងថា នៅតំបន់អភិរក្ស តំបន់ទំនប់សម្តេច សីហមុនី មានក្រុមជនខិលខូច មួយ ចំនួនតូច បានកាប់បំផ្លាញព្រៃលិចទឹក នៅក្នុងតំបន់៣ ចំនួន ៨ កន្លែង ទំហំជាង ៣ ហិកតា នៅដើមឆ្នាំ ២០១៣ នេះ ។

តំបន់អភិរក្ស តំបន់ទំនប់ សម្តេច សីហមុនី គឺជាតំបន់អភិរក្ស ត្រីមេពូជ ដូច្នេះគប្បីយើងនាំគ្នា ចូលរួមថែរក្សា និង អភិរក្សមិនត្រូវកាប់រានព្រៃលិចទឹក និង ចូលទៅនេសាទផ្តេសផ្តាស ពិសេសការនេសាទ ដោយប្រើឧបករណ៍ ខុស ច្បាប់នោះឡើយ ។

លោក ផៅ ស្រៀង អភិបាលរង ស្រុកកំពង់លែង បានថ្លែងឲ្យដឹងផងដែរថា ព្រៃលិចទឹកគប្បីយើងនាំគ្នាថែរក្សា បើយើងបំផ្លាញព្រៃលិចទឹក ១ ហិកតា ស្មើនឹងបំផ្លាញត្រី ១០ តោន យើងមិនត្រូវប្រើឧបករណ៍នេសាទខុសច្បាប់ ពិសេសឧបករណ៍ស្បៃមុង និងឧបករណ៍ឆក់ត្រីជាដើម។ ហើយកន្លងមកថ្មីៗនេះ អាជ្ញាធរ និងសមត្ថកិច្ចនគរបាល ស្រុកកំពង់លែង បានបង្កើតក្រុមចលនា ដល់ប្រជាពលរដ្ឋឲ្យ ប្រមូលឧបករណ៍នេសាទខុសច្បាប់ ប្រគល់អាំង តែទ័រ ឆក់ត្រីជូនដល់សមត្ថកិច្ចជំនាញ ក៏ដូចជាអាជ្ញាធរ បានចំនួនប្រមាណជាង ៦០ គ្រឿង ។

លោក លី ឡា នាយរងខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង បានឆ្លើយសំណួរ ក៏ដូចជាសំណូមពរ របស់ប្រជា នេសាទ ដែលសុទ្ធសឹងជាសំណួរ ដ៏មានសារៈសំខាន់ ពាក់ព័ន្ធទៅនឹងច្បាប់ជលផល ។ ទន្ទឹមនឹងនេះផងដែរ លោក លីឡា នាយរងខណ្ឌរដ្ឋបាលជលផល បានផ្សព្វផ្សាយ អនុក្រឹត្យ លេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១២ ស្តីពីការកំណត់ដែនព្រៃលិចទឹក ចំនួន ៦៤៧.៤០៦ ហិកតា ស្ថិតនៅក្នុងខេត្តចំនួន៦ ជុំវិញបឹងទន្លេសាប គឺខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង កំពង់ធំ ។ 

សេចក្តីប្រកាសលេខ០២ សប្រក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៣ ស្តីពីវិធានការ លុបបំបាត់ការប្រើឧបករណ៍ នេសាទឆក់ត្រី និងឧបករណ៍នេសាទស្បៃមុង ។ អនុសាសន៍ ៧ ចំណុច សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីជលផល ពិសេសពាក់ព័ន្ធល់កាប់រាន ព្រៃលិចទឹក ។ ប្រកាសស្តីពីការកែសម្រួលប្រកាសលេខ ១២៩ ប្រក.កសក ចុះថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១២ ស្តីពីការកំណត់ ប្រភេទ ឧបករណ៍នេសាទគ្រួសារ ដែលអនុញ្ញាតឲ្យ ធ្វើការនេសាទក្នុងដែនទឹកសាប នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឧបសម្ព័ន្ធថ្មីសម្រាប់ រដូវបើកនេសាទ ប្រភេទឧបករណ៍នេសាទមានដូចជា ៖ ១-កង្វារកង្កែប-ក្តាម, ២-កង្វារត្រីឆ្លូញផ្លែ, ៣-កញ្ច្រែងជញ្ជាត់(កញ្រ្ចែងដង ត្រី), ៤-កន្សុំ, ៥-ចង្រប់,៦-ចាន់,៧-ចៃរ៉ាមិនប្រើប្រាស់ម៉ាស៊ីនរុញ និងខ្យល់រួមផ្សំ, ៨-ច្បូកមិនប្រើកែវឆ្លុះ,៩-ជន មិនប្រើម៉ាស៊ីនរួមផ្សំ,១0-ជិត ,១១-ជុច,១២-ជូអន្ទង់,១៣-ឈ្នាងដៃ (ឈ្នាងជញ្ជាត់),១៤-ឈ្នាងត្រាំ,១៥-ឈ្នាងអូសឬរុញខ្ចៅឬលៀស មិនប្រើម៉ាស៊ីនរួមផ្សំ, ១៦-ឈ្នាងកង,១៧-ឈ្នក់ (ឆ្នុក)មិនប្រើភ្លើងនិងនុយរួមផ្សំ,១៨-ដៃកាប់,១៩-ដែកឈ្វៀត,២០-ដែកចាក់ មានងៀង,២១-តុម,២២-ថ្នង,២៣-ទ្រូ,២៤-នាមមិនប្រើម៉ាស៊ីនរួមផ្សំ,២៥-ប្រម,២៦-ប៉ោងត្រីឆ្លាំង,២៧-បំពង់ត្រីកញ្ជ្រូក,២៨-ប៉ោង, ២៩-មងបណ្តែត, ៣0-មងពាក់,៣១-លាយ,៣១-លប មិនប្រើរបាំងព្រួកលើសពី១/២នៃមុខទឹក ,៣៣-លាន់អន្ទង់,៣៤-សម,៣៥-ស្ន,៣៦-សាង មិនប្រើកែវឆ្លុះរួមផ្សំ,៣៧-សៃយឺន មិនប្រើរបាំងព្រួកលើសពី១/២នៃមុខទឹក,៣៨-សៃយឺនកំពិស, ៤០-សន្ទូចបោះ,៤១-សន្ទូចបបក់,៤២-ស្នទូចបង្កៃ,៤៣-សន្ទូចរនង,៤៤-ស៊ងត្រីកញ្ចុះ,៤៥-សាប,៤៦-សំណាញ់,៤៧-ឡើ,៤៨-អង្រុត,៤៩-អញ្ចង និង៥០-អួនអូសដោយដៃ ប្របវែងមិនលើសពី១០០ម៉ែត្រ ។

ការកំណត់ប្រភេទឧបករណ៍នេសាទគ្រួសារ ដែលអនុញ្ញាតឲ្យ ធ្វើការនេសាទក្នុងដែននេសាទ ទឹកសាប សម្រាប់ រដូវបិទនេសាទ មានដូចខាងក្រោម ៖ ១-កង្វារកង្កែប-ក្តាម, ២-កង្វារត្រីឆ្លូញ, ៣-កញ្ច្រែងជញ្ជាត់(កញ្រ្ចែងដងត្រី), ៤-កន្សុំ, ៥-ចង្រប់,៦-ចាន់,៧-ច្បូក មិនប្រើកែវឆ្លុះរួមផ្សំ, ៨-ជិត,៩-ជុច១0-ជូអន្ទង់ ,១១- ឈ្នាងដៃ(ឈ្នាងជញ្ជាត់) ,១២-ឈ្នាងត្រាំ,១៣-ឈ្នាងអូសឬរុញខ្ចៅឬលៀស មិនប្រើម៉ាស៊ីនរួមផ្សំ ,១៤-ឈ្នាងកង,១៥-ដៃកាប់, ១៦-ដែកឈ្វៀត,១៧ដែកចាក់មានងៀង ,១៨-តុម,១៩-ថ្នង ,២០-ទ្រូ,២១-ប្រម,២២-ប៉ោងត្រីឆ្លាំង,២៣-បំពង់ត្រីកញ្រ្ជូក ,២៤-ប៉ោង,២៥-មងបណ្តែតប្រវែងមិនលើសពី១០០ម៉ែត្រ ,២៦-មងពាក់ ប្រវែងមិនលើសពី១០០ម៉ែត្រ ,២៧-លាយ,២៨-លប មិនប្រើព្រួលរួមផ្សំលើសពី១០ម៉ែត្រ ឬមិនលើសពី១/៣នែទទឹងមុខទឹក , ២៩-លាន់អន្ទង់, ៣0-សម,៣១-ស្ន,៣២-សាង,៣៣-សៃយឺន,៣៤-សៃយឺនកំពិស,៣៥-សន្ទូចផ្លែ១,៣៦-សន្ទូចបោះ,៣៧-សន្ទូច បក់,៣៨-សន្ទូចបង្កៃ,៣៩-សន្ទូចរនង, ៤០-ស៊ងត្រីកញ្ចុះ,៤១-សំណាញ់,៤២-ឡើ,៤៣-អង្រត់,៤៤-អញ្ចង ។

គួររំលឹកថា កន្លងទៅថ្មីៗនេះ ព្រៃលិចទឹក នៅតាមបណ្តាភូមិ-ឃុំមួយចំនួន ក្នុងស្រុកកំពង់លែង ត្រូវបានជនខិល ខូចមួយចំនួនកាប់ទន្ទ្រាន យកដីធ្វើជាកម្មសិទ្ធិ ប៉ុន្តែយ៉ាងណាក្តី មកដល់ពេលនេះ សមត្ថកិច្ចកំពុងតែអនុវត្ត យ៉ាង ម៉ឺងម៉ាត់ស្រាវជ្រាវ រកអ្នកប្រព្រឹត្ត មកផ្តន្ទាទោសតាមច្បាប់ ៕

មូលនិធិអនាម័យមួយ នឹងផ្តល់ថវិកាបន្ថែម ដើម្បីលើកកម្ពស់ អនាម័យនិងសុខភាព

E-mail Print PDF

ភំ្នពេញ៖ កម្មវិធីមូលនិធិអនាម័យ សាកលក្នុងប្រទេសកម្ពុជា នឹងទទួលការពិចារណា ផ្តល់ការឧបត្ថម្ភ បន្ថែមដែលមិនបាន បញ្ជាក់ពីចំនួន ទៅលើថវិកា៥លានដុល្លារមេរិក ដែលមានស្រាប់ ក្នុងការលើកកម្ពស់ អនាម័យ និងសុខភាពនៅតាមជនបទ កម្ពុជា។

លោក គ្រីស វីលាម នាយកប្រតិបត្តិ ក្រុមប្រឹក្សាសហប្រតិបត្តិការ លើកកម្ពស់អនាម័យ និងការផ្គត់ផ្គង់ ទឹកស្អាត របស់អង្គការ សហប្រជាជាតិ (UN WSSCC) ប្រចាំនៅជីនីវ៉ា (ប្រទេសស្វីស) បានប្រាប់ដល់ក្រុម អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ នាសណ្ឋាគារអ៊ីមផឺរៀល ហ្គាឌិនវីឡា ថា អ្នកភូមិ ជាង ២.០០០នាក់ ដែលរស់នៅទីជនបទ ប្រទេសកម្ពុជាមាន ការរីកចំរើនក្នុងការ បពា្ឈប់ការបនោ្ទរបង់ ពាសវាលពាសកាល ដោយសារកិច្ចគាំទ្ររបស់ មូលនិធិអនាម័យ សាកលផងដែរ។

លោកបានបន្តថា ជំនួយបន្ថែមពីលើប្រាក់ដែលមានស្រាប់ ៥លានដុល្លារ នឹងធ្វើឲ្យកម្មវិធី មូលនិធិអនាម័យ សាកល ដែលត្រូវបានស្គាល់ថា ជាកម្មវិធីលើកកម្ពស់អនាម័យ និងសុខភាពជនបទក្នុងប្រទេសកម្ពុជា (CR-SHIP) អាចពង្រីកប្រតិបត្តិការ របស់ខ្លួនបន្ថែមលើខេត្តចំនួន ៥ដែលកម្មវិធីនេះ បាននិងកំពុងអនុវត្តនោះ រួមមាន ខេត្តកំពង់ចាប កំពង់ស្ពឺ កណ្តាល តាកែវ និងស្វាយរៀង។

លោកបានបញ្ជាក់ថា «កម្មវិធីលើកកម្ពស់អនាម័យ និងសុខភាពជនបទក្នុងប្រទេសកម្ពុជា (CR-SHIP) និងជា កាលានុវត្តភាពកំលាំងជំរុញ ឲ្យប្រទេសកម្ពុជា អាចខិតជិតដល់គោលដៅអភិវឌ្ឍន៍ សហវត្សរបស់ខ្លួន ដែល កំណត់ ឈានដល់ការបង្កើនសេវាអនាម័យជនបទ ៣០ភាគរយ ក្នុងឆ្នាំ២០១៥»។

បើតាមនាយកអង្គការអន្តរជាតិភ្លែន លោក Supriyanto ក៏បានលើកឡើងថា សមិទ្ធផលនៃកម្មវិធី មូលនិធិ អនាម័យ សាកលសម្រេចបានត្រឹម បំណាច់ឆ្នាំ២០១៣ គឺប្រជាពលរដ្ឋតាមជនបទជាង៤០០.០០០នាក់ នឹងទទួលបានផលពីការ បញ្ឈប់បន្ទោរបង់ ពាសវាលពាសកាល។ សមិទ្ធផលនេះជាមោទកភាព នឹងនាំឲ្យ កម្មវិធី អាចសម្រេចគោលដៅរបស់ខ្លួន ដែលចង់ឲ្យប្រជាពលរដ្ឋ ១,២លាននាក់ទទួលផល ដូចគ្នានេះពេល បញ្ចប់គម្រោង។

លោកបានបន្តថា កម្មវិធីលើកកម្ពស់អនាម័យ និងសុខភាពជនបទក្នុងប្រទេសកម្ពុជា (CR-SHIP) អនុវត្តដោយ អង្គការភ្លែនអន្តរជាតិកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល តាមរយៈការគាំទ្រអង្គការ ភ្លែនក្នុង ការគ្រប់គ្រង អនុវត្ត និងត្រួតពិនិត្យកម្មវិធី កម្មវិធីមូលនិធិអនាម័យសាកលពង្រឹងសមត្ថភាពនៃយន្តការ ដែល មានស្រាប់ដើម្បីទទួលជំនួយអនុវត្តកម្មវិធី អនាម័យ។

ចំណែកឯតំណាងអង្គការមូលនិធិអនាម័យសាកល លោក Katherine Anderson ក៏មានប្រសាសន៍ផងដែរថា ការបន្ទោរបង់ពាសវាលពាសកាលនាំឲ្យមានហានិភ័យសុខភាពខ្ពស់ក្នុងប្រទេសក្រីក្រនៅលើពិភពលោក។ ហើយវាធ្វើឲ្យជំងឺឆ្លងរីករាលដាលប៉ះពាល់ផលិតកម្មសេដ្ឋកិច្ច និងសម្លាប់មនុស្ស។ ម៉្យាងវិញទៀត បទពិសោធន៍ ក្នុងប្រទេសកម្ពុជាបង្ហាញថា ការផ្លាស់ប្តូរឥរិយាបទវិជ្ជមានប្រព្រឹត្តទៅលឿននៅពេលដែល រដ្ឋាភិបាល សហគមន៍ ជាតិ និងអន្តរជាតិមានកិច្ចសហការល្អ។

លោកបានបន្តថា ប្រជាពលរដ្ឋដែលគ្មានបង្គន់ប្រើប្រាស់ និងគ្មានកន្លែងលាងដៃនឹងទទួលរងជំងឺឆ្លងផ្សេងៗ ដែលបង្កដោយលាមក។ ក្នុងនោះការទទួលបាន អនាម័យមូលដ្ឋាន អាចនឹងលុបបំបាត់ ការរាតត្បាតនៃជំងឺ ទាំងនេះយ៉ាងងាយស្រួល។

សូមជម្រាបថា បើប្រៀបធៀបកាលពីឆ្នាំ១៩៩០ ដែលកាលណោះប្រជាពលរដ្ឋ នៅទីជនបទប្រទេស កម្ពុជា ប្រមាណ ៣ភាគរយប៉ុណ្ណោះ ទទួលបានអនាម័យជាមូលដ្ឋាន យើងសង្កេតឃើញការរីកចំរើន គួរឲ្យកត់សំគាល់ ព្រោះគិតត្រឹមឆ្នាំ២០១១ ហើយតួលេខនេះ បានឡើងដល់ ២២ភាគរយ៕

Looking Today

Looking Today

Looking Today

សម្តេចព្រះអនុជ អរុណរស្មី ៖ មានតែរបប រាជានិយម និងនយោបាយ អព្យាក្រឹត្យ ធ្វើឲ្យប្រទេសជាតិ សន្តិភាព

E-mail Print PDF

ភ្នំពេញ៖ ឆ្លងកាត់ជីវិតនយោបាយ និងមើលឃើញពីរបបដឹកនាំ ជាច្រើនជំនាន់ ប្រធានគណបក្ស រាជានិយមហ៊្វុនស៊ិនប៉ិច បានចាត់ទុកថា មានតែ របបរាជានិយម និងនយោបាយអព្យាក្រឹត្យទេ ដែលធ្វើឱ្យជីវិតរស់នៅ របស់ប្រជាជន និងប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រីក ចំរើនរុងរឿងលើគ្រប់វិស័យ ។

ថ្លែងទៅកាន់សមាជិក សមាជិកា នៅក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច សម្តេចព្រះអនុជ នរោត្តម អរុណរស្មី បានមានសុវណ្ណីថា របបដឹកនាំ៥ជំនាន់ ដែលប្រទេសកម្ពុជានិងប្រជាជន បានឆ្លងកាត់មាន ៖ ១-របបរាជានិយម (សម័យសង្គមរាស្រ្តនិយម) នយោបាយអព្យាក្រឹត្យ ប្រទេសមានស្ថិរភាព, ២-របបសាធារណៈរដ្ឋខ្មែរ នយោបាយលំអៀង ទាំង ស្រុងទៅរកមហាអំណាច សហរដ្ឋអាមេរិក (ប្រទេសជាតិជួបភ្លើងសង្រ្គាម), ៣-របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម នយោបាយលំអៀង ទៅរក មហាអំណាចកុម្មុយនីស (ប្រជាជនស្លាប់អស់រាប់លាននាក់ ប្រទេសជាតិធ្លាក់ក្នុងភក់ជ្រាំ នរកអវចីយ៍), ៤-របបសាធារណៈរដ្ឋប្រជាមា និតកម្ពុជា និងចលនាតស៊ូត្រីភាគី ដែលម្ខាងគាំទ្រដោយ វៀតណាម និងសហភាពសូវៀត ហើយម្ខាង ទៀតគាំទ្រដោយ ប្រទេសថៃ និងមហាអំណាចចិន អាមេរិក ប្រទេសមានសង្គ្រាមរ៉ាំរ៉ៃ អូសបន្លាយជាច្រើនឆ្នាំ , និងទី៥របបរាជានិយមទី២ឆ្នាំ១៩៩៣ និងនយោបាយអព្យក្រឹត្យ បានធ្វើឲ្យប្រទេសជាតិ ប្រជាជនមានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍន៍រីកចមរើន លើគ្រប់វិស័យរហូតដល់បច្ចុប្បន្ននេះ ។

សម្តេចព្រះអនុជ បានមានបន្ទូលទៀតថា ដើម្បីឲ្យប្រជាជនរស់នៅ ប្រកបដោយសុខសន្តិភាព និងប្រទេសជាតិ មានការរីកចំរើនតទៅទៀតនោះ គម្បីប្រជាជាតិទាំងមូលរួមគ្នា ការពាររបបរាជានិយម ដែលមានគោលនយោបាយអព្យាក្រិត្យនេះ នៅបន្តដឹកនាំប្រទេស តទៅទៀតនិងយូរអង្វែង។

សម្តេចប្រធានបានបញ្ជាក់ថា គណបក្សហ៊្វុនស៊ិនប៉ិច មិនអាចធ្វើជា គណបក្សប្រឆាំង ឬ រួបរួមជាមួយ និងបក្សប្រឆាំងណាមួយបានទេ ព្រោះវាខុស ពីគោលនយោបាយរបស់ខ្លួន ដែលប្រកាន់នូវការបង្រួបបង្រួមជាតិ ការផ្សះផ្សារជាតិ ដែលអង្គសម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង បានបង្កើត ឡើង និងបន្សល់ទុក ឲ្យអ្នកដឹកនាំជំនាន់ក្រោយៗ ដើរតាមគន្លងនិងមាគ៌ាដ៏ត្រឹមត្រូវនេះ ។

ម៉្យាងទៀត គណបក្សហ៊្វុនស៊ិនប៉ិច បានមើលឃើញយ៉ាងច្បាស់ទៀតថា គណបក្សប្រឆាំងនៅកម្ពុជា បានព្យាយាមបំផ្លាញ គណបក្សរាជានិយមហ៊្វុន ស៊ិនប៉ិច ជាច្រើនលើកច្រើនសារមកហើយ រួមទាំងការស្នើឲ្យមាន វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញពី ២\៣មក៥០បូក១ជាដើម។ ក្រៅពីនោះបានដើរ ឃោសនាថា គណបក្សហ៊្វុនស៊ិនប៉ិចជាអាយ៉ងអ្នកនេះ អាយ៉ងអ្នកនោះ ដើម្បីអូសទាញយកសំឡេងឆ្នោតបំពេញ មហិច្ឆិតារបស់ខ្លួន គិតតែ ប្រយោជន៍បុគ្គល ធំជាងប្រយោជន៍ជាតិ និងប្រជាជន។

ទន្ទឹមនឹងនេះ សម្តេចប្រធានបាន លើកឡើងទៀតថា គណបក្សប្រឆាំងនៅស្រុកយើង វាខុសទាំងស្រុង ពីស្រុកគេ គឺបក្សប្រឆាំងនៅកម្ពុជា ដើរអំពាវ នាវកុំឲ្យអន្តរជាតិ និងប្រទេសនានា ផ្តល់ជំនួយឲ្យប្រជាជនប្រទេសជាតិខ្លួនឯង និងសុំឲ្យគេគៀបសង្កត់រាជរដ្ឋាភិបាលកម្ពុជា ផ្ទុយពីបក្សប្រឆាំង នៅ ភូមា លោក ស្រី អ៊ុង សានស៊ូជី ដែលគេស្នើសុំឲ្យអន្តរជាតិ ជួយផ្តល់អំណោយ ឲ្យដល់ប្រជាជន និងប្រទេសគេ ហើយព្រមទាំងសុំឲ្យ អន្តរជាតិដក ការគៀបសង្កត់ពីប្រទេសគេទៀតផង ៕

នាយឧត្តមសេនីយ៍ ប៉ុល សារឿន ចូលរួម វគ្គហ្វឹកហ្វឺន នាយទាហាន ជើងគោក ជំនាន់ទី៥

E-mail Print PDF

កំពង់ស្ពឺ ៖ វគ្គហ្វឹកហ្វឺន នាយទាហានជើងគោកជំនាន់ទី៥ ត្រូវបានប្រារព្ធបើក នាព្រឹកថ្ងៃទី២៣ ខែឧសភា នៅវិទ្យាស្ថានកងទ័ពជើងគោក ខេត្ត កំពង់ស្ពឺ ក្រោមអធិបតីភាព អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ប៉ុល សារឿន និង ថ្នាក់ដឹកនាំអគ្គមេបញ្ជាការរង នាយក នាយករងស្ថាប័ន ចំណុះអគ្គបញ្ជាការ ព្រមទាំងសេនានុពន្ធកង ទ័ពរំដោះប្រជាជន ចិនមួយចំនួនទៀត។

ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថានកងទ័ពជើង គោកបានឲ្យដឹងថា ឆ្នាំ២០១៣នេះ វិទ្យាស្ថានបានទទួលបទបញ្ជា ឲ្យធ្វើការហ្វឹកហ្វឺន នាយ ទាហានកំរិតបរិញ្ញាប័ត្រ ដែលមានរយៈពេល៤ឆ្នាំ និង វគ្គនាយទាហានបន្តវេនជំនាន់ទី៦រយៈ ពេល៦ខែ។ វគ្គហ្វឹកហ្វឺននេះ មានកម្មសិក្សា សរុបចំនួន២៥០នាក់ នារី៤៦នាក់ ដែលបាន ជ្រើសរើសចេញពីយុវនិស្សិតមានកំរិតវប្បធម៌បរិញ្ញប័ត្រ និងសញ្ញាប័ត្រទុតិយភូមិ។ ចំពោះខ្លឹមសារ ហ្វឹកហ្វឺនរួមមាន ចំណេះដឹងយោធា ចំណេះដឹងឯកទេស ចំណេះដឹងទូទៅ និង វិទ្យា សាស្រ្ត។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានគូសបញ្ជាក់ ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលលើ វិស័យអប់រំ ដោយ បានចាត់ទុកវិស័យនេះជាវិស័យអទិភាព ក្នុងចំណោមវិស័យអទិភាពសំខាន់ៗ ដែលមានចែង ក្នុងកម្មវិធីនយោបាយ។ ហេតុផល នេះសម្តេច តេជោហ៊ុន-សែន នាយក រដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា បានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ ដល់កងយោធពល ខេមរភូមិន្ទ ក្នុង ការហ្វឹកហ្វឺនគ្រប់មុខជំនាញ ដើម្បីពង្រឹងសមត្ថភាពជំនាញបច្ចេកទេស ជាពិសេសនាយទាហានវ័យក្មេង សម្រាប់បន្តវេនឲ្យមានសមត្ថភាព ជំនាញ ពិតប្រាកដ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ ចំពោះមុខផង និងកសាងយុទ្ធសាស្រ្ត ការពារជាតិទៅថ្ងៃអនាគតផង ដើម្បីធានាការពារបូរណភាពទឹកដី ការថែរក្សាសុខសន្តិភាព សុវត្ថិភាព និង សណ្តាប់ធ្នាប់ សង្គម។

នាយឧត្តមសេនីយ៍ ប៉ុល-សារឿន គូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទអភិវឌ្ឍ ទៅបាន ត្រូវមានការចូលរួមពីនាយទាហានវ័យក្មេង ពីព្រោះនាយ ទាហានវ័យក្មេងគឺជាសសរ ទ្រូងរបស់ប្រទេសជាតិ។

នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់គ្រូយោធា ត្រូវរៀបចំខ្លឹមសារ កម្មវិធីហ្វឹកហ្វឺនឲ្យមានលក្ខណៈស៊ីជម្រៅ ក្នុងនោះត្រូវយកចិត្តទុកដាក់ការងារ គរុកោសល្យ ក្នុងការបង្រៀន ស្របតាមឧបករណ៍ទំនើបៗ ដូចជាការបង្រៀនយុទ្ធវិធី តាមប្រព័ន្ធពត៌មានវិទ្យា ដើម្បីធ្វើឲ្យសិក្ខាកាមងាយយល់ និងចងចាំ។

ជាមួយនឹងប្រសាសន៍ សំណេះសំណាល នាឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ុល-សារឿន ក្នុងនាមថ្នាក់ដឹកនាំ អគ្គបញ្ជាការ នាយទាហាន នាយ ទាហានរង និងពលទាហាននៃ កងយោធពលខេមរភូមិន្ទ បានប្រសិទ្ធិពរជូនសម្តេចតេជោ ហ៊ុន សែន ដែលបានទទួល ឋានៈជាពលរដ្ឋកិត្តិយស របស់ខេត្តស៊ូឡាវេស៊ីខាងត្បូង នៃប្រទេសឥណ្ឌូណេស៊ី ចំពោះបញ្ញាញាណ របស់សម្តេច ក្នុងការដឹកនាំកម្ពុជា ឆ្លងផុតដំណាក់កាលសង្រ្គាម នាំមកនូវ សន្តិភាព និង ការ អភិវឌ្ឍគួរឲ្យកោតសរសើរ។

ទន្ទឹមនេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បាន សម្តែងការអបអរសាទរ ជូនចំពោះ លោកជំទាវកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលបានទទួលគោរមងារដ៏ខ្ពង់ខ្ពស់ ជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សក្តិសម នឹងស្នាដៃ ដែលជំទាវ បានដឹកនាំការងារ មនុស្សធម៌ រួម ចំណែកដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ដោយប្រការផ្សេងៗ៕

អាស៊ាន ត្រូវតែ រួមគ្នាដោះស្រាយ បញ្ហាកង្វះថាមពល អគ្គីសនី ដើម្បី សមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥

E-mail Print PDF

ភ្នំពេញ៖ អគ្គនាយកអគ្គីសនីកម្ពុជា បាននិយាយថា ប្រទេស អាស៊ានទំាង១០ ត្រូតែវរួមគ្នាដើម្បីស្វែង ដំណោះស្រាយបញ្ហា ប្រឈម នៃកង្វះ ថាមពល អគ្គីសនី ដើម្បីឲ្យអាស៊ានក្លាយ ជាប្រទេស សមាហរណកម្ម សេដ្ឋកិច្ច នៅឆ្នាំ២០១៥។

លោក កែវ រតនៈ អគ្គនាយកអគ្គីសនីកម្ពុជា បានថ្លែងនៅសណ្ឋាគារ ណាហ្គាវើល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៣ ថា «កង្វះថាមពលអគ្គីសនី ជាការប្រឈមដ៏ ប្រាកដនិយមមួយ ដែលទាមទារការ ដោះស្រាយ»។

លោកថា ប្រទេស ជាច្រើនបានស្វែងរកប្រភពបន្ថែម ដូចជាប្រភពថាមពលនុយក្លេអ៊ែរ នៅពេលអនាគត។ កិច្ច ប្រជុំលើកនេះ ដើម្បីឲ្យប្រធាន អង្គភាពអគ្គីសនី អាស៊ានទំាងអស់ ពិនិត្យមើលផែនការណ៍ កម្មវិធី និងគម្រោង នៃការអភិវឌ្ឍន៍និន្នាការអភិវឌ្ឍន៍ វិស័យថាមពលទំាងអស់ ក្នុងក្របខណ្ឌអាស៊ានក្នុងតំបន់ ដើម្បីពិនិត្យ មើល យន្តការ សហប្រតិបត្តិការ ទំាងការតភ្ជាប់បណ្តាញអគ្គីសនី ទំាងការពិនិត្យមើល ប្រភពអគ្គីសនីនៃ ការផ្គត់ផ្គង់ ការពិនិត្យការអភិវឌ្ឍន៍ តទៅមុខទៀត ដើម្បីដោះស្រាយទៅលើបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ ដោះស្រាយបញ្ហា កង្វះថាមពល ក្នុងតំបន់អាស៊ាន ដោះស្រាយបញ្ហាអគ្គីសនី ដែលចេះតែ។

លោកបន្តថា ការជួបជុំគ្នាដើម្បីស្វែងរកដំណោះស្រាយនេះ ដើម្បីដាក់ជាយន្តការផ្សេងៗ និងអនុសាសន៍នានា ដើម្បីបញ្ជូនទៅកាន់មន្រ្តី ថាមពលអាស៊ាន ក៏ដូចជាបញ្ជូនទៅកាន់ប្រមុខរាជរដ្ឋាភិបាល អាស៊ានទំាង ១០ ប្រទេស ដើម្បីជាគោលនយោបាយឆ្លើយតប សមស្របតាមទៅតាម ការប្រែប្រួលលើវិស័យថាមពលនៅក្នុង ប្រទេស អាស៊ានទំាង ១០។

ជាមួយគ្នានោះដែរ លោកក៏បានរំពឹងផងដែរថា កិច្ចប្រជុំលើកនេះ នឹងទទួលបានផ្លែផ្កាទំាងទ្វេភាគី និងពហុភាគី ដើម្បីឲ្យថាមពលជាលែង ក្លាយជាឧបសគ្គ ក្នុងការរុញច្រានប្រទេស អាស៊ានឲ្យក្លាយជាសហគមន៍ថាមពល សេដ្ឋកិច្ចនៅឆ្នាំ២០១៥ ដូច្នេះអគ្គីសនីវិស័យថាមពល ជាចលករមួយយ៉ាងសំខាន់ ក្នុងការជំរុញឲ្យមាន សមាហរណកម្មសេដ្ឋកិច្ច ការភ្ជាប់ទំនាក់ទំនងប្រជាជននឹងប្រជាជន ក្នុងតំបន់អាស៊ាន ដែលមានប្រជាជន ជាង ៥០០លាននាក់ ដូចការរំពឹងទុករបស់ ប្រមុខរដ្ឋអាស៊ាន។

ពាក់ព័ន្ធនឹងវិស័យថាមពលនេះដែរ លោកក៏បានលើកឡើងផងដែរថា ប្រទេសអាស៊ានស្ទើរតែទំាងអស់ កំពុង ខ្វះខាតថាមពលនេះដែរ ដូចជានៅ ប្រទេស ថៃ ឡាវ វៀតណាម។ ដូច្នេះដើម្បីឲ្យមានការប្រើប្រាស់ គ្រប់គ្រាន់ ទាមទារឲ្យមានការភ្ជាប់ ទំនាក់ទំនងគ្នា ដើម្បីបំពេញគ្នា ឲ្យគ្នាទៅវិញទៅមក។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំថា្នក់ដឹកនាំស្ថាប័នអគ្គីសនីប្រទេសអាស៊ាននេះ ជាការប្រមូលផ្តុំយោបល់ និងការ ណែនាំ ពីស្ថាប័ន ថាមពលអាស៊ាន ដើម្បីធ្វើឲ្យប្រសើរឡើង និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ថាមពល ក្នុងប្រទេសអាស៊ានទំាង ១០ ៕

Photo by DAP-NEWS

លោក ខៀវ កាញារីទ្ធ ៖ ការផ្សព្វផ្សាយ ព័ត៌មាន ក្នុងបណ្តាញផ្សព្វផ្សាយ ព័ត៌មានសង្គម (Facebook) មានគុណ សម្បត្តិផង និងមានគុណវិបត្តផង

E-mail Print PDF

បាត់ដំបង ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ការផ្សព្វផ្សាយព័ត៌មានទូទៅ ក្នុង បណ្តាញផ្សព្វផ្សាយព័ត៌មានសង្គម(Facebook) គឺមានគុណសម្បត្តិ ដល់សង្គមផង និងក៏មានគុណវិបត្តិដល់ សង្គមដែរ ប្រសាសន៍នេះ លោករដ្ឋមន្រ្តីបានលើកឡើង ក្នុងឱកាសកម្មវិធីសន្ទនាមតិពន្លឺមូលដ្ឋាន របស់វិទ្យុជាតិ ចំការចេក FM 92.70 Mhz បាត់ដំបង មានពីរប្រធានបទ ទី១ ការប្រើប្រាស់បណ្តាញផ្សព្វផ្សាយ សង្គម និងទី២ ការលើកកម្ពស់ ការសិក្សារបស់និស្សិតក្រីក្រ នៅថ្នាក់ឧត្តមសិក្សា នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ នៅ សាលប្រជុំ សកលវិទ្យាល័យបាត់ដំបង (UBB) ក្រោមការជួយឧបត្ថម្ភគាំទ្រ ពីគម្រោង (ABC) ប្រទេស អូស្រ្តាលី ដោយមានការចូលរួម ពីលោក អ៊ុយ រី អភិបាលរងខេត្ត តំណាងក្រុមប្រឹក្សាខេត្ត លោក ទូច វិសាល សុខ សកល វិទ្យាធិការ នៃសកលវិទ្យាល័យបាត់ដំបង មន្រ្តីរាជការ មន្ទីរព័ត៌មានខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មកពីវិទ្យាល័យនានា សកលវិទ្យាល័យបាត់ដំបង ប្រមាណជាង ៣៥០ នាក់ ។

បន្ទាប់ពីប្រធានមន្ទីរព័ត៌មាន ខេត្តបាត់ដំបង លោក គ្រី ចំរើន បានឡើងមានមតិស្វាគមន៍ និងធ្វើរបាយការណ៍ លទ្ធផលការងាររបស់វិទ្យុជាតិ ចំការចេក FM92.70 Mhz បាត់ដំបង ដែលបានដំណើរការ តាំងពីថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០០៩ កន្លងមក និងបានធ្វើពិធីនេះឡើង ក្នុងថ្ងៃនេះ ក្នុងគោលបំណងគឺ បង្កើតជាឃ្លាំងព័ត៌មាន និង ជាស្ពានចម្លងព័ត៌មាន ឬជាកន្លែងសម្រាប់ទទួលមតិឆ្លុះបញ្ចាំង ដើម្បីធ្វើការសន្ទនាមតិ ដោយផ្តល់ឱកាស សម្រាប់ បញ្ចេញនូវទស្សនៈ មតិយោបល់ អំពីទុក្ខកង្វល់ដែលកើតមាន ក្នុងសហគមន៍ រវាងប្រជាពលរដ្ឋ ជាមួយវិស័យឯក ជន សង្គមស៊ីវិល មន្រ្តីជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឬរដ្ឋាភិបាលជាដើម សំដៅបម្រើផលប្រយោជន៍ ជូនដល់ សាធារណជន ប្រកបដោយតុល្យភាព តម្លាភាព ប្រសិទ្ធិភាព និងការទទួលខុសត្រូវ ដោយមានការចូលរួម ពីអ្នក ពាក់ព័ន្ធស្របតាមគោលការណ៍ អភិបាលកិច្ចល្អបានយ៉ាងទាន់ពេលវេលា ដែលទទួលបានការគាំទ្រ ពីសំណាក់ ប្រជាពលរដ្ឋជាបន្តបន្ទាប់ ។

ចាប់តាំងពីពេលនោះមក ទល់បច្ចុប្បន្ន ថ្នាក់ដឹកនាំបុគ្គលិក មន្រ្តីរាជការនៃវិទ្យុជាតិចំការចេក FM92.70 Mhz បាត់ដំបង បានខិតខំបំពេញភារកិច្ច ទៅតាមគោលការណ៍ និងទៅតាមអនុស្សារណៈ រវាងទូតអូស្រ្តាលីជាមួយរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ កន្លងមកនោះ ដោយទទួល បានជោគជ័យជាបន្តបន្ទាប់ ហើយជាក់ស្តែងវិទ្យុជាតិ FM92.70 Mhz បាត់ដំបង ក៏បានរៀបចំផ្សាយផ្ទាល់ នៅ សកលវិទ្យាល័យបាត់ដំបង នាឱកាសនេះថែមទៀត ។ ការជោគជ័យនេះ ក៏អាស្រ័យដោយមានការគាំទ្រ យ៉ាង ពេញទំហឹងពីសំណាក់ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកអភិបាលខេត្តបាត់ដំបង ផងដែរ ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ ក្នុងឱកាសផ្សាយបន្តផ្ទាល់ផងដែរ ក្នុងប្រធាន បទយើង ថ្ងៃនេះគឺចង់និយាយ ពីការផ្សព្វផ្សាយព័ត៌មាន បណ្តាញសង្គម(Facebook) កន្លងមក គឺពេលខ្លះវា គ្រាន់ តែជាដំណឹងមួយ ដែលពុំមានអ្នកទទួលខុសត្រូវ លើព័ត៌មានដែលអ្នកទាំងនោះ បានបញ្ចូលតាមរយៈ(Facebook) ឡើយ ហើយពេលខ្លះ ទាំងខ្លឹមសារ និងរូបភាពមិនសមរម្យ និងនិយាយបំភ្លើស ធ្វើឲ្យមានការប៉ះពាល់ ដល់សិទ្ធិបុគ្គលថែមទៀតផង ។ ចំពោះរឿងខ្លះ ក៏អាចឲ្យយើង ទទួលព័ត៌មានល្អ និងអាចជួយដល់ជនរងគ្រោះ បានទាន់ពេលវេលាតាមរយៈ (Face book) ផងដែរ ។

បើនិយាយជាទូទៅដំណឹងតាមរយៈ (Face book) វាពុំមែនជាព័ត៌មានទេ វាគឺជាដំណឹងពាក់កណ្តាលសម្រេច ប៉ុណ្ណោះ ព្រោះគ្មានអ្នកទទួលខុសត្រូវត្រឹមត្រូវ ដូចអ្នកសរសេរកាសែត ដែលមានចាងហ្វាង ជាអ្នកទទួលខុសត្រូវ ចំពោះមុខច្បាប់ ។ តែដំណឹងតាមរយៈ (Facebook) ខ្លះបើមានការប៉ះពាល់ដល់សិទ្ធិបុគ្គល និងមានភស្តុតាង គ្រាប់គ្រាន់គេអាចប្តឹងទៅតាមផ្លូវច្បាប់បានដែរ ។ ហើយគេហទំព័រ(Facebook) នេះ ក្រសួងព័ត៌មាន ក៏ដូចជា រាជរដ្ឋាភិបាលផងដែរ គឺគ្មានសិទ្ធិបិទ មិនឲ្យប្រិយមិត្តទូទៅប្រើប្រាស់នោះទេ ។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបន្តថា កម្មវិធីដែលយើងបានធ្វើនាព្រឹកនេះ លោកគាំទ្រទាំងស្រុង ព្រោះវាអាច ធ្វើឲ្យវិស័យព័ត៌មានយើង មានការរីកចម្រើនតាមសម័យទំនើប និងទាន់ហេតុការណ៍អាចទទួលយកបាន។

បន្ទាប់មក លោកអភិបាលរងខេត្ត អ៊ុយ រី និងសកលវិទ្យាធិការ នៃសកលវិទ្យាល័យបាត់ដំបង ទូច វិសាលសុខ បានផ្តល់មតិមួយចំនួន ពីការផ្តល់អាហារូបករណ៍ ជូននិស្សិតក្រីក្រ អំពីរបៀបរបបដាក់ពាក្យ សម្រាប់ទទួលបាន អាហារូបករណ៍ និងផ្តល់អនុសាសន៍មួយចំនួន ពីការជ្រើសរើសយកមុខវិជ្ជាណា ដែលចង់រៀនផងដែរ និងមាន ការសាកសួរ និងឆ្លើយឆ្លងផ្ទាល់មាត់ រវាងនិស្សិត និងថ្នាក់ដឹកនាំផងដែរ ៕

ទឹកប្រាក់៣០ទៅ ៤០លានដុល្លារ និងត្រូវចំណាយលើការ សាងសង់ផ្លូវក្រោមដី នៅរាជធានីភ្នំពេញ

E-mail Print PDF

ភ្នំពេញៈ ទំហំទឹកប្រាក់៣០ លាន ទៅ៤០ លានដុល្លារ និងត្រូវចំណាយទៅលើគម្រោង សាងសង់ផ្លូវ ក្រោមដី ប្រវែង៤៥០ម៉ែត្រ នេះ បើតាមរយៈការថ្លែងរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ ។

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងថា គម្រោងសាងសង់ផ្លូវ ក្រោមដីលើកទី១ ប្រវែង៤៥០ ម៉ែត្រ ចាប់ពីមុខអាគារណាហ្គាវើល ឆ្លងកាត់ផ្លូវរដ្ឋសភា ឆ្ពោះទៅផ្លូវមាត់ទន្លេ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ថវិកាដែលត្រូវចំណាយ មានទំហំចាប់ពី៣០ ទៅ៤០ លាន ដុល្លារអាមេរិក ។

លោក ប៉ា សុជាតិវង្ស បានថ្លែងណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធថា “ត្រូវធ្វើការសិក្សាឱ្យបានហ្មត់ចត់ បំផុត ចំពោះ គម្រោងស្ថាបនានេះ ដោយធ្វើយ៉ាងណា ត្រូវតែរៀបចំផ្លូវក្រោមដីនេះឲ្យមានលក្ខណៈល្អប្រណិត និង ទំនើបរូបនីយកម្ម ប្រកបដោយសុវត្ថិភាព ព្រោះថា តំបន់នេះគឺជាទីកន្លែងយ៉ាងសំខាន់ ក្នុងការ ទាក់ទាញ ភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកម្សាន្ត ដូចនេះមិនត្រូវមានការធ្វេសប្រហែសចំពោះការដ្ឋាននេះទេ” ។

ទីប្រឹក្សាបច្ចេទេសគម្រោងរបស់ក្រុមហ៊ុន ISU លោក ប៊ិន សម្បត្តិថារ័ត្ន បានឲ្យដឹងថា គម្រោងសាងសង់ ផ្លូវ ក្រោមដីនេះ តម្រូវការឲ្យមាន ការរុះរើផលប៉ះពាល់មួយចំនួន ដូចជាប្រព័ន្ធលូ និងបង្គោលភ្លើងបំភ្លឺជាដើម ។

លោក បន្តទៀតថា ការសាងសង់ផ្លូវក្រោមដីនេះ នឹងអាចចាប់ផ្ដើមនៅពេលដ៏ឆាប់ៗ បន្ទាប់ពី អង្គភាព ស្ថាប័ន ពាក់ព័ន្ធទាំងអស់ បានសិក្សា និងរំកិលបង្គោលភ្លើង ខ្សែកាប្លិ៍ និងប្រពន្ធ័លូមួយចំនួនរួចរាល់។ រីឯថវិកា នៃការ ស្ថាបនានេះ គឺបានត្រៀមរួចរាល់អស់ហើយដែរ ក្នុងនោះ សាលារាជធានីភ្នំពេញ ចេញ៣០ភាគរយ និង ៧០ ភាគរយ ក្រុមហ៊ុនជាអ្នកទទួលរ៉ាប់រង។

លោក ប៊ិន សម្បត្តិថារ័ត្ត បានបន្តទៀតថា គម្រោងនេះ ក៏មានការសាងសង់ជាតូបនៅអមសងខាងផ្លូវនេះ ដើម្បី ដាក់លក់ផលិតផល និងទំនិញផ្សេងៗ នៅតាមបណ្ដោយផ្លូវក្រោមដីនោះផងដែរ។

សូមបញ្ជាក់ថា សាលារាជធានី បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី០៤ មិនា ឆ្នាំ២០១៣ ស្តីពីការអនុវត្តគម្រោង ផ្លូវក្រោមដី ហាងទំនិញ ហាងលក់គ្រឿងអនុស្សាវរីយ៍ មានបណ្តោយ ៤៤៧ម៉ែត្រ ទទឹង២៣ម៉ែត្រ អភិវឌ្ឍន៍ដោយ ក្រុមហ៊ុន តាន់ស្រ៊ី ឆេន អ៊ីញ តភ្ជាប់ពី អគារ TSCLK ទៅ ទីតាំងសំខាន់នៅជុំវិញ តំបន់អាគារ NAGA World៕

Photo by DAP-News

Photo by DAP-News

អាជ្ញាធរ ក្រុងបានលុង ចុះចែក អត្ដសញ្ញាណប័ណ្ណ ជាតិខ្មែរ ចំនួន ៤៤៧ នាក់ នៅសង្កាត់ កាចាញ

E-mail Print PDF

រតនគិរី ៖ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ នេះ នាបរិវេណសាលាសង្កាត់កាចាញ ក្រុងបានលុង ខេត្ដរតនគិរី មានរៀបចំពិធីប្រគល់ អត្ដសញ្ញាណប័ណ្ណគំរូថ្មី ដល់ប្រជាពលរដ្ឋចំនួន ៤៤៧ នាក់ ក្នុងនោះស្ដ្រីចំនួន ១៩១នាក់។

ពិធីនេះមានការចូលរួម ពីលោកស្រី វរសេនីយ៍ឯក កែវ ដាវី ស្នងការរង នគរបាលខេត្ដ, លោកវរសេនីយ៍ត្រី ឯម វុន អធិការនគរបាលក្រុងបានលុង និងលោក ទុនេ ពៅ ចៅសង្កាត់កាចាញ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។

លោក ទុនេ ពៅ ចៅសង្កាត់កាចាញ បានមានមតិស្វាគមន៍ ចំពោះវត្ដមានលោកស្រី ស្នងការរងនគរបាលខេត្ដ និងលោកអធិការនគរបាលក្រុង បានលុង ដែលបានខិតខំយកចិត្ដទុកដាក់ ធ្វើអត្ដសញ្ញាណប័ណ្ណជាតិខ្មែរ ចែកជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីយកទៅប្រើប្រាស់។

លោកវរសេនីយ៍ត្រី ឯម វុន បានដាស់តឿនក្រើនរំលឹក ចំពោះប្រជាពលរដ្ឋ ដែលបានទទួលអត្ដសញ្ញាណប័ណ្ណជាតិខ្មែរ ពេលនេះត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ ដូចជា ថតចម្លង ទុកនៅផ្ទះ ពេលដែលជ្រុះបាត់ ត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋានកន្លែងយើង ស្នាក់នៅ ងាយស្រួលសមត្ថកិច្ច ជំនាញ ធ្វើជូនជាថ្មី ក្នុងការធ្វើដំណើរ ត្រូវដាក់តាមខ្លួន ម្យ៉ាងទៀត អត្ដសញ្ញាណប័ណ្ណជាតិខ្មែរ ក៏សម្រាប់សម្គាល់យើងជាខ្មែរ។ ក្នុងការធ្វើអត្ដ សញ្ញាណប័ណ្ណជាតិខ្មែរនេះទៀតសោធ រាជរដ្ឋាភិបាល ត្រូវចំណាយលុយយ៉ាងច្រើន ព្រោះក្រុមហ៊ុនឯកជន ជាអ្នកម៉ៅការធ្វើ។

លោកស្រីវរសេនីយ៍ឯក កែវ ដាវី បានមានមតិផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមទាំងអស់ ត្រូវចេះថែរក្សាអត្ដសញ្ញាណប័ណ្ណជាតិខ្មែរ កុំឱ្យបាត់បង់ ព្រោះវាជាឯកសារ សម្រាប់ធ្វើប្លង់ផ្ទះ ធ្វើកម្មសិទ្ធិដីធ្លី ចូលបម្រើការងារនៅកន្លែងផ្សេងៗ ចៀសវាងចាញ់បោកមេខ្យល់ ដែលគ្មាន ឯកសារ គ្រប់គ្រាន់ នាំទៅធ្វើការ (ចំណាកស្រុក) ចូលរួមអនុវត្ដគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ចំណុច និងចៀសវាងអំពើហិង្សាក្នុង គ្រួសារ ជាពិសេសប្រជាពលរដ្ឋ ដែលមានអត្ដសញ្ញាណប័ណ្ណជាតិខ្មែរ គឺមានកាតព្វកិច្ចទៅបោះឆ្នោតសកល នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាង មុខឱ្យបានគ្រប់ៗគ្នា៕

អភិបាល ខណ្ឌមានជ័យ ជួបជាមួយក្រុម យុវជន បង្ហាញការត្រេកអរ ចំពោះគណ បក្សប្រជាជន ចាប់ឆ្នោត ប៉ះ​លេខរៀងចាស់

E-mail Print PDF

ភ្នំពេញ ៖ ក្រោយពីគណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បង្ហាញពីលទ្ធផលនៃការចាប់ឆ្នោត ជ្រើសរើសលេខរៀង សម្រាប់បណ្ដាបក្ស នយោបាយ ដើម្បីចូលរួមការប្រកួតប្រជែង ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រនា ចុងខែកក្កដា ខាងមុខនេះ ក្នុងនោះគណ បក្ស ប្រជាជនកម្ពុជា ដែលកំពុងកាន់ អំណាចបច្ចុប្បន្ន បានទទួលលេខរៀងចាស់គឺ លេខ ៤ អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន បានជួបជាមួយ ក្រុមយុវជនរបស់ ខណ្ឌ ដោយបង្ហាញ ការត្រេកអរ និងសប្បាយរីករាយ ចំពោះលេខរៀងទី៤ ដែលគណបក្សប្រជាជន បានទទួល ។

ក្នុងឱកាស ជួបជាមួយ ក្រុមយុវជនជិត ៣០០នាក់ មកពី ១២សង្កាត់ក្នុងខណ្ឌមានជ័យ ស្ថិតនៅក្នុងមន្ទីរ គណបក្សប្រជាជន នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៣ នេះ លោក គួច ចំរើន បានលើកឡើងថា គណបក្ស ប្រជាជន បានចាប់ឆ្នោតចំលេខ រៀងទី៤ សម្រាប់ចូលរួមប្រកួតប្រជែង បោះឆ្នោតនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣  ដែលលេខរៀងនេះ ជាលេខរៀងចាស់របស់ គណបក្សប្រជាជន ចាប់ឆ្នោតបានកាលពី អាណត្ដិមុន ។

ចំពោះការ ទទួលបានលេខរៀងទី៤  ក្រោយពីការចាប់ឆ្នោត ក្នុងចំណោមបណ្ដា គណបក្សនយោបាយ កាលពីព្រឹកមិញ លោក គួច ចំរើន បានលើក ឡើងទៀតថា ចំពោះលេខរៀងទី៤ ដែលជាលេខរៀង ចាស់នោះ វារិតតែងាយស្រួលសម្រាប់ ប្រជាពលរដ្ឋ សមាជិក-សមាជិកា គណបក្ស ប្រជាជននៅ ទូទាំងប្រទេសកាន់តែចងចាំ ច្បាស់ នៅពេលដែលពួកគេចូលទៅបោះ ឆ្នោត ពីព្រោះលេខរៀងទី៤ ជាលេខរៀង ដែលគណបក្ស ប្រជាជនចាប់បានកាលពី អាណត្ដិមុន ។

លោក គួច ចំរើន ក៏បានជំរុញឱ្យក្រុម យុវជនទាំងអស់ នៅក្នុងខណ្ឌមានជ័យបន្ដ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក៏ដូចជាសមា ជិក សមាជិកា គណបក្ស ប្រជាជនឱ្យដឹងថា គណបក្សប្រជាជន ចាប់ឆ្នោតបានលេខ រៀងទី៤ ក្នុងចំណោម គណបក្សទាំង ៨ ដែលចូលរួមការចាប់ឆ្នោត កាលពីព្រឹកមិញនោះ ។

បើតាម លោក គួច ចំរើន ប្រជាពលរដ្ឋ និងសមាជិក សមាជិកា របស់គណបក្ស ប្រជាជន ទូទាំងប្រទេស ជាច្រើននាក់នៅ ចងចាំយ៉ាងច្បាស់ ហើយនឹងងាយស្រួល ចំពោះការចងចាំ នៅពេលចូលទៅបោះ ឆ្នោតនាពេលខាងមុខនេះ ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានអំពាវនាវដល់ ក្រុមយុវជនទាំងអស់ចូលរួមការបោះឆ្នោត ឲ្យបានគ្រប់គ្នា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ហើយចងចាំលេខរៀងទី៤ ដែលគណបក្សប្រជាជន ចាប់បានលេខរៀង។

គួរបញ្ជាក់ថា ពេលចូលរួមការចាប់ ឆ្នោតជ្រើសរើស លេខរៀងគណបក្សកាល ពីព្រឹកមិញ នៅ គ.ជ.ប នោះ គណបក្ស ប្រជាជនកម្ពុជា តាមរយៈមន្ដ្រីជាន់ខ្ពស់ របស់ខ្លួន ចាប់បានលេខរៀងទី៤ ខណៈដែល គណបក្សហ្វ៊ុនស៊ិនប៉ិចដៃគូក្នុងរាជរដ្ឋាភិបាល តាមរយៈមន្ដ្រីជាន់ខ្ពស់របស់ខ្លួន ចាប់ បានលេខរៀងទី២ ៕

អគារធនធាន បានដើរតួនាទីយ៉ាង សំខាន់ក្នុងការបង្កើន គុណភាពអប់រំក្នុង ថ្នាក់មធ្យមសិក្សា

E-mail Print PDF

ភ្នំពេញ៖ អគារធនធាន ដែលត្រូវបានគេ សាងសង់ឡើងនៅតាម បណ្តាវិទ្យាល័យ មួយចំនួនក្នុងរាជធានី-ខេត្ត នៅទូទាំងប្រទេស បានដើរតួនាទីសំខាន់ ក្នុងការបង្កើនគុណភាព អប់រំសំរាប់សិស្សានុសិស្ស ថ្នាក់មធ្យម សិក្សា។

លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យថ្លែងឲ្យដឹងបែបនេះ នៅក្នុងសិក្ខា សាលាស្តីពីនិរន្តរភាព ដំណើរការប្រតិបត្តិអគារធនធាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៣នេះ នាសណ្ឋាគារឡឺរូយ៉ាល់ រាជធានីភ្នំពេញ។

លោក ពិត ចំណាន បានឲ្យដឹងថា អគារធនធានដែលកំពុងតែមាន នៅតាមបណ្តាវិទ្យាល័យ មួយចំនួននៅក្នុង ប្រទេស គឺជាមូលដ្ឋានគ្រឹះដ៏មាន សារៈសំខាន់ចំពោះធនធានមនុស្ស ជំនាន់ក្រោយទៅកាន់ ឧត្តមសិក្សាមួយ ដែលមានសមត្ថភាព ខ្ពស់ក្នុងការចូលរួមចំណែក ក្នុងការអភិវឌ្ឍសង្គមកម្ពុជា ឲ្យមានការរីកចំរើន ទៅមុខដូច បណ្តាប្រទេសមួយចំនួននៅលើពិភពលោក។

លោក ពិត ចំណាន បានបន្តថា «អគារធនធាននេះ វាជាមូលដ្ឋានគ្រឹះសំរាប់ សាងសង់ធនធានមនុស្ស របស់ យើង ជំនាន់ក្រោយនេះ ទៅកាន់ឧត្តមសិក្សាមួយ ដែលមានសមត្ថភាពខ្ពស់ ក្នុងការរួមចំណែកធ្វើឲ្យ សង្គម កម្ពុជា ទាំងសេដ្ឋកិច្ច ទាំងសង្គម រីកចំរើនទៅខាងមុខ ដូចបណ្តាប្រទេសនៅក្នុងពិភពលោកយើងនេះ»។
អគ្គនាយកនៃ អគ្គនាយកដ្ឋានអប់រំ លោក សំ សេរីរតន៍ បានឲ្យដឹងដែរថា គម្រោងលើកកម្ពស់គុណភាពអប់រំ គឺជាគម្រោងជំនួយហិរញ្ញប្បទាន ឥតសំណងរបស់ ធនាគារអភិវឌ្ឍអាស៊ី ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន ក្រសួងអប់រំ យុវជន និងកីឡាជាអ្នកអនុវត្ត។ គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៦ឆ្នាំ ដោយ ចាប់ផ្តើមពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨ និងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ។

លោក សំ សេរីរតន៍ បានបន្តថា «គម្រោងលើកកម្ពស់គុណភាពអប់រំ ផ្តោតការយកចិត្តទុកដាក់ខ្លាំងដល់ ការកែ លម្អគុណភាពនិង ប្រសិទ្ធភាពនៃការផ្តល់ សេវាអប់រំនៅកម្រិតមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស កម្ពុជា តាម រយៈសមាសភាគសំខាន់ៗ៣ គឺទី១ ការអភិវឌ្ឍនិងការគ្រប់គ្រងប្រព័ន្ធអប់រំ។ទី២ ការអភិវឌ្ឍវិជ្ជាជីវៈគ្រូ បង្រៀន និងទី៣ ការពង្រឹងការអប់រំនៅមធ្យមសិក្សា»។

អគារធនធាន គេសាងសង់ឡើងជាអគារមួយនៅក្នុងវិទ្យាល័យ ដែលមានទាំងបន្ទប់ពិសោធន៍ បន្ទប់កុំទ្យូទ័រ សាលប្រជុំ និងការិយាល័យសំរាប់នាយក និងគ្រូ ដែលអគារនេះមានសារៈប្រយោជន៍ ណាស់សំរាប់សិស្ស វិទ្យាល័យឲ្យមានជំនាញខាងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២។

បច្ចុប្បន្នអគារធនធាននេះ មានចំនួន ២៩ នៅតាមបណ្តាវិទ្យាល័យមួយចំនួនទូទាំងរាជធានី-ខេត្ត នៃប្រទេស កម្ពុជា៕

Page 9 of 80

Cebu Pacific Air