កំពង់ចាមៈ ដោយអនុវត្ត តាមការណែនាំ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មការត្រួត ពិនិត្យគ្រឿងញៀន ខេត្តកំពង់ចាម លោក ជឹម សេង ហុង ស្នងការរង និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដឹកនាំ កម្លាំងសមត្ថកិច្ចជំនាញគ្រឿងញៀន ចូលរួម សហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន ធ្វើការផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់ នៃគ្រឿងញៀន ដល់គ្រូបង្រៀន និងសិស្សានុសិស្ស តាមបណ្តា វិទ្យាល័យ បានចំនួនជាង ២ ពាន់នាក់ គិតពីរថ្ងៃ គឺថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣ នៅតាមវិទ្យា ល័យ គឺ ទី១ ធ្វើនៅវិទ្យាល័យបុសខ្នុរ និងវិទ្យាល័យស្ពឺ ក្នុងស្រុកចំការលើ ទី២ ធ្វើនៅវិទ្យាល័យ ទន្លេបិទ ក្នុងស្រុក ត្បូងឃ្មុំ.និងទី៣ធ្វើនៅ ក្នុងស្រុកកងមាស ចូលរួមមានលោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្សមកពី៤វិទ្យាល័យ។
លោក ជឹម សេងហុង ស្នងការរង និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការត្រួតពិនិត្យ គ្រឿងញៀន ខេត្ត កំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ក្នុងការចុះផ្សព្វ ផ្សាយច្បាប់ និងផលប៉ះពាល់ នៃគ្រឿងញៀនរយៈពេល ៣ ថ្ងៃកន្លងទៅនេះ សមត្ថកិច្ចជំនាញយើង បានធ្វើការផ្សព្វផ្សាយ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បាន ៧ វិទ្យាល័យ ក្នុងស្រុក ៣ នៃខេត្តកំពង់ចាម ក្នុងនោះ សមាសភាពអ្នកចូលរួមស្តាប់ មានលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សចំនួន ២៥៩៥ នាក់ ។
លោកស្នងការរង បានឲ្យដឹងទៀតថា ការផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់ នៃគ្រឿងញៀននេះផងដែរ សមត្ថកិច្ច មានបំណងបញ្ច្រៀប នូវព័ត៌មានអំពីច្បាប់ និងផល ប៉ះ ពាល់ នៃគ្រឿងញៀននេះ ឲ្យបានទូលំទូលាយ ជាពិសេស គឺស្រទាប់យុវវ័យនេះតែម្តង ដើម្បីឲ្យពួកគាត់បានដឹង និងយល់ច្បាស់ អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃគ្រឿង ញៀន ហើយត្រូវនាំគ្នា ជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
លោកស្នងការរង បានឲ្យដឹងដែរថា គ្រឿងញៀនវាមានផលប៉ះពាល់ច្រើន ដល់អ្នកប្រើប្រាស់ ដូចជា ប្រើ ហើយ មិនដេក មិនឃ្លានអាហារ ដែលប្រការនេះយូរៗទៅ ធ្វើឲ្យអ្នកប្រើប្រាស់ខូចប្រព័ន្ធសសៃប្រសាទ ឈានទៅលែង ស្គាល់អាណាព្យាបាល និងហ៊ានលួច បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ របស់ឪពុក ម្តាយ និងអ្នកដទៃ ដើរ ឈ្លោះវាយ តប់គេឯង បង្កអសន្តិសុខសង្គម និងមានអ្នកប្រើប្រាស់ខ្លះ អាចធ្វើអត្តឃាតខ្លួនឯង ដោយសារតែគេញៀនខ្លាំង លែងដឹងខុស ត្រូវហើយនោះ ។
លោកស្នងការរង ក៏បានឲ្យដឹងទៀតថា ក្នុងការចុះផ្សព្វផ្សាយនេះ សមត្ថកិច្ច បានធ្វើជាសំណួរចម្លើយ ហើយបាន ចែកសៀវភៅ ប៊ិចជូន ឲ្យសិស្សានុសិស្ស និងមាន ផ្តល់ជារង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្សផងដែរ ។ លោក ស្នងការរង បានបន្តឲ្យដឹងទៀតថា ជាទិសដៅខាងលេខាធិការដ្ឋាន ត្រួតពិនិទ្យគ្រឿងញៀនខេត្ត ដឹកនាំដោយរូប លោក មានគោលការណ៍ចុះផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់ នៃគ្រឿងញៀននេះ ដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស គ្រប់វិទ្យាល័យ និង អនុវិទ្យាល័យទាំងអស់ ក្នុងខេត្តកំពង់ចាម ៕


























































