left
Safe Home
Safe Home
Safe Home

Dap News...Admin

Saturday, Feb 28th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

សាលាអន្តរជាតិ​វេស្ទលែនដ៍ រៀបចំ​ពិធី ទិវា​វប្បធម៌​ប្រពៃណីជាតិ​ខែ្មរ លើកទី​១ អបអរឆ្នាំថ្មី

E-mail Print PDF

កណ្ដាល៖ ខណៈបុណ្យចូលឆ្នាំខ្មែរ ខិតជិតចូលមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ សាលាអន្ដរជាតិ វេស្ទលែនដ៍ គ្រឹះស្ថានអប់រំភាសាបរទេស ក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤នេះ បានប្រារព្ធកម្មវិធី “ទិវាវប្បធម៌ ប្រពៃណីជាតិខ្មែរ” លើកដំបូង ជាមួយនឹងបុគ្គលិកគ្រប់ផ្នែក និងសិស្សានុសិស្សទាំងអស់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិយើង ។

លោក កឹម សិទ្ធិបញ្ញា អ្នករៀបចំ និងគ្រប់គ្រងកម្មវិធីនេះ បានថ្លែងឲ្យដឹងថា កម្មវិធីខាងលើ យើងធ្វើឡើងពេញមួយថ្ងៃ ដោយពេលព្រឹក ថ្នាក់ដឹកនាំសាលា បាននិមន្ដព្រះសង្ឃចំនួន ៧៧អង្គ មកពី ៧វត្តផ្សេងៗគ្នា ដើម្បីសូត្រមន្ដ និងរាប់បាត្រ ចូលរួមពីសំណាក់លោកគ្រូ-អ្នកគ្រូ បុគ្គលិក មាតាបិតាសិស្ស និងសិស្សានុសិស្ស ។ លោកបន្ដថា រីឯកម្មវិធីនៅពេលរសៀលវិញ មានកម្មវិធីរាំរបាំត្រុដិ មកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងការរាំរបាំជូនពរ រាំរបាំគោះត្រឡោក សម្ដែងក្បាច់គុណអៃគីដូ និងការលេងល្បែង ប្រជាប្រិយខ្មែរជាដើម ដែលសម្ដែងដោយសិស្សសាលាអន្ដរជាតិ វេស្ទលែនដ៍ ក្នុងនោះ ក៏មានកម្មវិធីប្រមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់កុមារកំព្រា និងចាស់ជរាទៀតផង ។

នាយកប្រតិបត្តិ នៃសាលាអន្តរជាតិ វេស្ទលែនដ៍ លោក ថន សុកលីម បានមានប្រសាសន៍ថា សាលារៀបចំធ្វើកម្មវិធី “ទិវាវប្បធម៌ប្រពៃណីជាតិខ្មែរ” លើកទី១នេះ គឺធ្វើឡើងក្នុងគោលបំណង សំខាន់ៗដូចជា ទី១: ចូលរួមថែរក្សានូវទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ ឲ្យបានគង់វង្ស ដោយផ្សារភ្ជាប់សាលា ជាមួយនឹងព្រះពុទ្ធសាសនា។ ទី២: ណែនាំសិស្សានុសិស្សឲ្យស្គាល់កាន់ តែច្បាស់អំពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី និងល្បែងប្រជាប្រិយរបស់ជាតិខ្មែរកុំឲ្យមានការភ័ន្តច្រឡំ។ ទី៣: ពង្រឹងស្មារតីទទួលខុសត្រូវ របស់សិស្សានុសិស្ស និងការរឹតចំណងសាមគ្គីភាពកាន់តែជិតស្និតរវាងលោកគ្រូ-អ្នក និងសិស្ស ។ ទី៤: ប្រមូលមូលនិធីសប្បុរស ឧបត្ថម្ភដល់មជ្ឈមណ្ឌលកុមារកំព្រឹង និងចាស់ជរា ដែលកំពុងជួបការលំបាក និងទី៥: បង្រៀនឲ្យប្អូនៗសិស្សានុសិស្សមានវប្បធម៌ ចែករំលែកចំពោះការសិស្សា នៅក្នុងសាលាអន្ដរជាតិ វេស្ទលែនដ៍ ។

លោក ថន សុកលីម បានបន្តទៀតថា ដើម្បីធ្វើឲ្យសិស្សានុសិស្សក្នុងសាលា មានសមត្ថភាពពិតប្រាកដ និងមានអនាគតល្អ ដើម្បីបម្រើផលប្រយោជន៍គ្រួសារ និងសង្គមជាតិនោះ សាលាបានយកចិត្តទុកដាក់ លើការសិក្សារបស់សិស្សានុសិស្ស និងការបណ្ដុះគំនិត ស្មារតី និងផ្នត់គំនិតវិជ្ជមានជាច្រើន ។ ជាពិសេសអប់រំប្អូនទាំងអស់ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងផ្សេងៗទៀត ដើម្បីបានក្លាយទៅជា “កូនល្អ... សិស្សល្អ... អនាគតល្អ” ស្របតាមបាវចនា របស់សាលាយើង ។

ជាចុងក្រោយ ដើម្បីអបអរសាទរ ដល់សិស្សានុសិស្ស បុគ្គលិក លោកគ្រូ-អ្នកគ្រូក្នុងឱកាសឆ្នាំថ្មី ឆ្នាំមមីនេះ លោក ថន សុកលីម បានជូនពរ និងសូមឲ្យទេវតាឆ្នាំថ្មី តាមថែរក្សាគណៈគ្របគ្រងសាលា បុគ្គិលិក និងសិស្សានុសិស្សទាំងអស់ ជួបប្រទះតែសេចក្ដីសុខ និងប្រកបដោយសុវត្ថិភាពខ្ពស់ ក្នុងពេលធ្វើដំណើរគ្រប់ពេល ។ ជាពិសេសលោកបាន ដាស់តឿនឲ្យប្អូនៗសិស្សានុសិស្ស ខិតខំរៀនសូត្រ មិនត្រូវសប្បាយភ្លេចការរៀនសូត្រ នោះទេ ដើម្បីក្លាយទៅជា “ទំពាំងស្នងឫស្សី” របស់ប្រទេសជាតិ នាពេលអនាគត ៕

តុលាការ ផ្តន្ទាទោស ខ្មែរក្រោម ១៣ នាក់ ដាក់ពន្ធនាគារ ពី ៥ ដល់ ៩ឆ្នាំ ពីបទ បង្កើតចលនា ប្រដាប់ អាវុធខុសច្បាប់ នៅកម្ពុជា

E-mail Print PDF

ភ្នំពេញ ៖ លោក សេង នាង ប្រធានអង្គជំនុំជម្រះ សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែ មេសា ឆ្នាំ២០១៤នេះ បានសម្រេចផ្តន្ទាទោស នៅចំពោះ មុខ និងកំបាំងមុខខ្មែរក្រោម ១៣ នាក់ ពីបទ រួម គំនិតក្បត់ជាតិ តាមរយៈការបង្កើតកម្លាំង ប្រដាប់អាវុធខុសច្បាប់ ។

ការប្រកាសនេះ បានធ្វើឡើង នៅចំពោះមុខជនជាប់ចោទចំនួន ៧នាក់ នៅក្នុងបន្ទប់សវនាការ នៃសាលា ដំបូងរាជធានីភ្នំពេញ ព្រមទាំងចេញដីកា ស្វែងរកចាប់ខ្លួន មេខ្លោងក្នុងការបង្កើតចលនានេះ ឈ្មោះ សម សេរី ដែលត្រូវគេដឹងថា កំពុងរស់នៅក្នុងឋានៈជនជ្រកកោន នៅប្រទេសដាណឺម៉ាក និងអ្នកឯទៀតផង ដែរ ។ អ្នក ទាំងនោះ ត្រូវបានផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារ ពី៥ឆ្នាំ ដល់៩ឆ្នាំ ៕

ជនចាស់ជរា គ្មានទីពឹង ៥គ្រួសារ បានទទួលជំនួយ ពីលោកអភិបាលរង ខណ្ឌដង្កោ

E-mail Print PDF

ភ្នំពេញ : អំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ត្រូវបានលោក ប្រាជ្ញ សីហា អភិបាលរង ខណ្ឌ ដង្កោ និងសហការី បាននាំយកទៅប្រគល់ជូនដល់ដៃ ជនចាស់ជរា ដល់លំនៅឋាននីមួយៗ នាឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ។

ប្រជាជនចាស់ជរា ទីទ័លក្រ គ្មានទីពឹងទាំង ៥គ្រួសារនេះ រស់នៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។

មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ ជនចាស់ជរា គ្មានទីពឹង នាឱកាសនាំយកអំណោយ ផ្តល់ជូនដល់ លំនៅឋាននោះ លោក ប្រាជ្ញា សីហា បានមានប្រសាសន៍ថា សកម្មភាពទាំងអស់នេះ គឺជាការអនុវត្តន៍ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

លោកអភិបាលរង ខណ្ឌដង្កោ បានមានប្រសាសន៍ទៀតថា ទោះបីអំណោយផ្តល់ជូន នាពេលនេះក្តី មាន បរិមាណមិនច្រើនក្តី តែនេះជាវប្បធម៌ នៃការចែករំលែក រវាងអាជ្ញាធរ និងប្រជាជនទីទ័លក្រ ហើយអំ ណោយទាំងនេះ សម្រាប់ដោះស្រាយជីវភាព បានមួយគ្រាផងដែរ នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ ។

ជានិច្ចកាល ក្នុងនាមអាជ្ញាធរ លោកតែងតែចុះធ្វើការងារមនុស្សធម៌ សម្រាប់ជនចាស់ ជរា គ្មានទីពឹង តួ យ៉ាងដូចករណីខាងលើនេះជាដើម ៕

ថ្នាក់ដឹកនាំមន្រ្តី រាជការ ក្រសួង សង្គមកិច្ច ប្រារព្ធពិធីសូត្រមន្ត បង្សុកូល លើករាសី សុំពរជ័យក្នុងឱកាស បុណ្យចូលឆ្នាំថ្មី

E-mail Print PDF

ភ្នំពេញ៖ គ្រាដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ នឹងឈានចូលមកដល់នៅថ្ងៃ ចន្ទ សប្តាហ៍ក្រោយនោះ នៅក្នុងសប្តាហ៍នេះ លោក វង សូត រដ្ឋមន្ត្រី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់ជាន់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុ  សល ដល់បុព្វបុរសខ្មែរ និងសុំពរជ័យសិរីសួស្តីកើតមានដល់មន្រ្តីរាជការក្នុងក្រសួងសង្គមកិច្ចទាំងអស់។

ក្រៅពីពិធីសូត្រមន្ត និងវេរប្រគេនទ័យទានដល់ព្រះសង្ឃរួចហើយ ក្នុងឱកាសនោះក៏មានការសម្តែងរបាំជូនពរ និង របាំត្រុឌ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ ផងដែរ។

បន្ទាប់ពីធ្វើកិច្ចនមសិកាព្រះរតនត្រ័យរួច លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ប  ទា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានអញ្ជើញវេរប្រគេនចង្ហាន់ ទ័យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃ  ដើម្បីឧទិ្ទសកុសលបួងសួងដល់វិញ្ញាណក្ខ័ន្ធបុព្វការីជន ដែលបានបាត់បង់ជីវិតមកទទួលនូវកុសលផលបុណ្យ និង បានទៅកាន់ឋានសុគតិភព។ ព្រមទាំងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី ព្រះនាងគោរាគទេវី និង វត្ថុសក្តិសិទ្ធទាំងឡាយ ប្រទានពរជ័យ សិរីសួស្តី បវរមហាប្រសើរ សិរីមង្គល វិបុលសុខ គ្រប់ប្រការ ជូនដល់ថ្នាក់ ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបាននូវសុខសុភ មង្គល សុខភាពល្អ កម្លាំងកាយមាំមួន ដើម្បីបន្តបំពេញភារកិច្ចរបស់ខ្លួនលើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា ឲ្យទទួលបានភាពជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិ និងប្រជាពលរដ្ឋស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច ជាតិ ។

ក្នុងឱកាសនោះ ក៏មានការសម្តែងរបាំជូនពរ និងរបាំត្រុឌ ដែលជារបាំប្រពៃណីជាតិខ្មែរ ដើម្បីប្រសិទ្ធពរជ័យ និងប ណ្តេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ លើករាសីឆ្នាំថ្មី ដល់លោក វង សូត និងភរិយា បុត្រា បុត្រី ចៅៗជាទីស្រលាញ់  ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ពីទេវ តាឆ្នាំថ្មី ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ ដែលនឹងឈានចូលមកដល់នៅសប្តាហ៍ក្រោយនេះ។

លោក វង សូត បានសម្តែងនូវភាពរីករាយយ៉ាងក្រៃលែង អបអរសាទរ និងជូនពរដល់ថ្នាក់ដឹកនាំមន្រ្តីរាជការទាំង អស់ ទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងការងារ ជាពិសេសធ្វើយ៉ាងណាផ្តល់សេវាសង្គមកិច្ច ជូនប្រជា ពលរដ្ឋឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕

សាលាស្រុក មណ្ឌលសីមា រៀបចំពិធី សូត្រមន្ដបង្សុកូល លើករាសី ឆ្នាំចាស់ ចូលឆ្នាំថ្មី

E-mail Print PDF

កោះកុង ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៤ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក ព្រមទាំងមន្ដ្រី នៅក្រោមឱវាទ បានរៀបចំពិធី សូត្រមន្ដ បង្សុកូល ដើម្បីលើករាសីទទួលពរជ័យ ពីទេវតាឆ្នាំថ្មី សិរីសួស្ដី ឆ្នាំថ្មី គឺ ឆ្នាំ ម្សាញ់ បញ្ចស័ក ព,ស ២៥៥៧ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៤ នាពេលខាងមុខនេះ។

នៅក្នុងពិធីសូត្រមន្ដ បង្សុកូលលើករាសី ដល់មន្ដ្រី និងលើករាសី នៅក្នុងសាលាស្រុក ដើម្បីទទួលពរជ័យពីទេវតាឆ្នាំថ្មីនេះ មានព្រះសង្ឃ មានរបាំគ្រុឌ ដើម្បីរាំជូនពរដល់់លោកអភិបាលគ្រប់រូប និងមន្ដ្រីនៅក្រោមឱវាទ ព្រមទាំងកន្លែងធ្វើការទាំងអស់ ទទួលបានជោគជ័យ ក្នុងការងារបន្ដទៀត។

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានមានប្រសាសន៍ថា លោកឱ្យពរជ័យដល់មន្ដ្រីទាំងអស់ ទទួលបានជោគជ័យ នៅក្នុង ការងារ ហើយមានសុខភាពល្អគ្រប់គ្នា នៅក្នុងគ្រួសារ ព្រមទាំងឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលនូវសុខភាពល្អទាំងអស់គ្នា មិនថាជិត ឬឆ្ងាយឡើយ។ ហើយសូមឱ្យទេវតាឆា្នំថ្មី ជួយពរជ័យ សិរី សួស្ដី ដល់ប្រទេសកម្ពុជា ទទួលបាននូវសន្ដិភាពជានិច្ច។

ក្រោយពីសូត្រមន្ដបង្សុកូលរួច លោកអភិបាលស្រុក បានរៀបចំលេងនៅល្បែងប្រពៃណីខ្មែរ ដែលខ្មែរយើងមិនអាចបំភ្លេច បាន និងដើម្បីបំបាត់ទុក្ខព្រួយ កាលពីឆ្នាំចាស់ចេញឱ្យអស់ ហើយទទួលពរជ័យ សិរី សួស្ដី ពីទេវតាឆ្នាំថ្មីវិញ ការដឹកនាំលេង ល្បែងប្រជាប្រិយ របស់លោកអភិបាលស្រុកនៅថ្ងៃនេះ គេសង្កេតឃើញទឹកមុខ មន្ដ្រីនៅក្រោមឱវាទទាំងអស់ មានសេចក្ដី សោមនស្សរីករាយ ដោយទឹកមុខញញឹម រីករាយគ្រប់ៗគ្នា ដើម្បីទទួលនូវពរជ័យ សិរី សួស្ដី ពីទេវតាឆ្នាំថ្មី និងឈានចូល មកដល់នៅថ្ងៃទី១៤ ខែមេសា ខាងនេះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ប្រជាពលរដ្ឋ មួយចំនួន នៅតែមិនគោរព ច្បាប់ចរាចរណ៍

E-mail Print PDF

ភ្នំពេញ៖ ដោយសារ តែមិនគោរព ច្បាប់ចរាចរណ៍ យ៉ាងដូច្នេះហើយ  ទើបធ្វើឲ្យផ្លូវមួយចំនួន នៅក្នុងរាជធានីភ្នំពេញច្រើន តែស្ទះចរាចរណ៍ ។

ជាក់ស្តែងនៅព្រឹកថ្ងៃសុក្រ ទី១១ ខែមេសានេះ នៅស្ពានព្រះមុនីវង្ស គេតែងតែឃើញប្រជាពលរដ្ឋ មួយ ចំនួននៅតែមិន គោរពច្បាប់ចរាចរណ៍ទាល់សោះ ដោយ អ្នកខ្លះជិះបញ្រ្ចាស ទាំងទទឹងទិសក៏មានដែរ ។

មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល សូមសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ គួរគោរពច្បាប់ចរាចរណ៍ទាំង អស់គ្នា ដើម្បីកាត់បន្ថយនៃការគ្រោះ ៕

បច្ចេកវិទ្យា ផលិតផលថ្មី ម៉ាស៊ីនត្រជាក់ LG Multi V IV ស៊េរីថ្មីជំនាន់ទី៤ បង្ហាញខ្លួន លើទីផ្សារកម្ពុជា

E-mail Print PDF

ភ្នំពេញ៖ ក្រុមហ៊ុន LG Electronics (Cambodia) កាលពីល្ងាចថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៤ បានដាក់បង្ហាញ នូវផលិតផល របស់ខ្លួន គឺម៉ាស៊ីនត្រជាក់ស៊េរីថ្មី LG Multi V IV ដែលមានកំលំាង និងថាមពលលំដាប់កំពូល ដើម្បីដាក់លក់នៅលើទីផ្សារ កម្ពុជា។

LG Multi V IV ត្រូវបានបំពាក់ ដោយបច្ចេកវិទ្យាដ៏ទំនើប ដែលអាចផ្តល់នូវភាព កាន់តែប្រសើរ និងដំណើរការ ឈានមុខ លំដាប់ ស្តង់ដាមួយដ៏ល្អបំផុត។ ម៉ាស៊ីនត្រជាក់ LG Multi V IV គឺជាផលិតផលចុងក្រោយគេបង្អស់ របស់ក្រុមហ៊ុនLG នាពេលបច្ចុប្បន្ន នេះ ហើយ LG Multi V IV ក៏នាំមកនៅគុណភាពឈានមុខ ប្រសើរជាងគេ ទាំងប្រសិទ្ធភាព និងដំណើរការ។ LG Multi V IV អាចកាត់បន្ថយប្រេង និង អាចសន្សំសំចៃ ថាមពលអគ្គីសនី បានខ្ពស់រហូតដល់ ៣០% ជាមួយនឹងបច្ចេកវិទ្យា Inverter Compressor ជំនាន់ទី៤ និងការផ្តល់នូវភាពត្រជាក់ កាន់តែប្រសើរឡើង។

LG Multi V IV មានមុខងារ និងលក្ខណៈពិសេសជាច្រើន ដែលអាចផ្តល់នូវភាពងាយស្រួល និងយល់ពីរ តម្រូវការ របស់លោកអ្នកបំផុតពិនិត្យ និងធ្វើការបញ្ជាប្រព័ន្ធ គ្រប់គ្រងរបស់វាបាន តាមរយៈទូរស័ព្ទ ឬកំព្យូទ័រ លក្ខណៈងាយស្រួល ក្នុងការដំឡើង គឺអាចដំឡើង បាននៅក្នុងអាគារខ្ពស់ៗ ដែលមានកំពស់រហូតដល់ ១000 ម៉ែត្រ។ បន្ថែមទៅលើប្រសិទ្ធភាព ថាមពល ដ៏គួរឲ្យចាប់អារម្មណ៍នេះ ដែលLG Multi V IV ក៏បានបន្ថែមចំនួន សន្ទះទប់ខ្យល់ ពី៤ ទៅ៦ គ្រាប់ ដែលអាចឲ្យ យើងគ្រប់គ្រងនៅភាពត្រជាក់បាន បើយើងប្រៀបធៀប ទៅនឹងផលិតផលដ៏ទៃទៀត ដែលមានសន្ទះទប់ខ្យល់ត្រឹមតែ៤គ្រាប់ប៉ុណ្ណោះ។

លោក សុខ ពិសិដ្ឋ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនG Gear បានប្រសាសន៍ថា “ប្រព័ន្ធម៉ាស៊ីនត្រជាក់ LG Multi V IVបានរួមបញ្ចូលគ្នា នូវបច្ចេកវិទ្យា HVVAC (Heating, Ventilation and Air-Conditioning ) ដែលឈានមុខគេ និងបច្ចេកវិទ្យា អភិវឌ្ឍន៍ចុងក្រោយបង្អស់ ជាច្រើនទៀត ធ្វើឲ្យម៉ាស៊ីនត្រជាក់ LG Multi V IV ស៊េរីថ្មីជំនាន់ទី៤ នេះ មានកំលាំងថាមពល គ្មានគូប្រៀប ទាំងដំណើរការប្រតិបត្តិ របស់ម៉ាស៊ីនត្រជាក់ និងការសន្សំសំចៃ អគ្គិសនី”៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

 

លោក សម រង្ស៊ី នឹងទៅ ខេត្តសៀមរាប ៣ថ្ងៃ

E-mail Print PDF

ភ្នំពេញ៖ ប្រភពពីមន្ដ្រី គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា លោក សម រង្ស៊ី នឹងទៅកាន់ ខេត្តសៀមរាប រយៈពេល ៣ថ្ងៃ គឺថ្ងៃទី១១-១៣ ខែមេសា ឆ្នាំ២០១៤ ហើយការចាក ចេញរបស់លោក នឹងធ្វើឡើង នៅម៉ោង ១១ ថ្ងៃទី១១ មេសានេះ តាមជើងយន្តហោះ បន្ទាប់ពីលោកបញ្ចប់ ពិធីសូត្រមន្ដ និងជួបសកម្មជន នៅទីស្នាក់ការគណបក្ស CNRP ខេត្តកំពង់ស្ពឺ៕

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនជន សង្ស័យម្នាក់ ពីបទបាញ់បោះសេរី

E-mail Print PDF

មណ្ឌលគិរី៖ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ បន្ទាប់ពីជន សង្ស័យបានបាញ់ ចំនួនពីរគ្រាប់ នៅក្នុងហាងខារ៉ាអូខេយីហោ៩៩៩៩ មានទីតាំងនៅភូមិឆ្នែ ឃុំស្រែខ្ទម  ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យដែលបាញ់បោះសេរី ហើយត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួននោះ មាន ឈ្មោះព្រីង ធន់ ភេទប្រុស អាយុ២៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុ ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតកាំភ្លើង ម៉ាកកា៥៤ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំបញ្ជូន ទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

បំពាក់ស័ក្កិ ដល់មន្រ្តី នគរបាល រាជធានីភ្នំពេញ ជាង៣០០នាក់

E-mail Print PDF

ភ្នំពេញ : មន្រ្តីនគរបាល តាមការិយា ល័យជំនាញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ជាង៣០០ នាក់ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤នេះ ត្រូវបានបំពាក់ស័ក្កិ ដើម្បីឆ្លើយតប នឹងការងារនាពេល កន្លងមក និងដល់ឆ្នាំនៃការដំឡើងនន្តរស័ក្កិ ។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ស្នងការនគរបាលរាជធានី លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងមានការចូលរួមពីស្នងការរង នាយការិយាល័យ អធិការនគរបាលខណ្ឌទាំង៩ សរុបជាង៤០០នាក់។

សូមបញ្ជាក់ថា មន្រ្តីនគរបាលរាជធានីភ្នំពេញ ជាច្រើនរយនាក់ នៅតាមបណ្តាខណ្ឌ និងតាមការិយាល័យ ត្រូវបានថ្នាក់លើសម្រេចដំឡើងនន្តរស័ក្កិ ដើម្បីឆ្លើយតបនិង ការបំពេញភារកិច្ច នាពេលកន្លងមក ហើយមន្រ្តីនគរបាលខ្លះត្រូវដល់ឆ្នាំត្រូវដំឡើង។

វិចារណកថាៈ ឆ្នាំថ្មីសូមជនរួមជាតិ ជួបតែសេចក្តីសុខ គ្រប់ប្រការ

E-mail Print PDF

ទេវតាឆ្នាំថ្មីព្រះនាង គោរាគទេវីនឹង យាងចុះមកនៅវេលាម៉ោង៨ និង ០៧នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ ហើយជនរួមជាតិខ្មែរ នៅទូទាំងប្រទេសកំពុងរង់ចាំ ទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ ដោយសេចក្តី រីករាយ ។ ប្រជាពលរដ្ឋខ្មែរទូទៅ សង្ឃឹមថា ឆ្នាំថ្មីនឹងនាំមក នូវសិរីសួស្តី សុភមង្គល និងសេចក្តីសុខ ចម្រើនដល់គ្រប់ក្រុម គ្រួសារគឺជនរួមជាតិខ្មែរ ទាំងអស់នឹងមានភាព សុខសាន្តជម្រះ អស់មន្ទិលសៅហ្មងទាំងឡាយដែលបានបន្សល់ទុកពីឆ្នាំ ម្សាញ់បញ្ចស័ក ព.ស ២៥៥៧ ។ ជាពិសេសអ្នក នយោបាយនៃប្រទេសកម្ពុជានឹងរកដំណោះស្រាយបានឆាប់រហ័ស ដើម្បីផ្តល់សេចក្តីសង្ឃឹម ដល់ប្រជា ពល រដ្ឋ ព្រោះបញ្ហាដែលកើតឡើង ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កំពុងត្រូវបាន មេដឹកនាំកំពូលៗនៃគណបក្សជាប់ឆ្នោតទាំងពីរគឺគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្រ្គោះ ជាតិ ជជែកគ្នាដើម្បីដោះស្រាយឲ្យចប់សព្វគ្រប់ក្នុងពេលឆាប់ៗ ។ ជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសមាន សេចក្តីរីករាយយ៉ាងខ្លាំង នៅពេលដែលអ្នក នយោបាយកំពូលៗពិភាក្សាគ្នាដើម្បីគិតគូរបញ្ហាជាតិសំខាន់ៗ ។

នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី ឆស័ក ព.ស ២៥៥៨ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលសូម ក្រាបថ្វាយបង្គំថ្វាយព្រះពរជ័យដល់ ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សូមព្រះអង្គមាន ព្រះរាជសុខភាពល្អ មានសិរីសួស្តីជ័យមង្គលគ្រប់ប្រការ ដើម្បីគង់ជាម្លប់ ដ៏ត្រជាក់ដល់ប្រជា រាស្រ្តទូទាំងព្រះនគរ ។ មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល សូមគោរពជូនពរ ដល់មេដឹក នាំកំពូលៗ នៃព្រះរាជាណាចក្រកម្ពុជា រួមមានសម្តេចប្រធានព្រឹទ្ធ សភា សម្តេចប្រធានរដ្ឋសភា និង សម្តេច ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ជួបប្រទះតែសិរីសួស្តី សេច ក្តីសុខគ្រប់ ប្រការ មានសុខភាពល្អបរិបូរណ៍ ដើម្បីដឹកនាំ និងកសាងប្រទេសជាតិឲ្យបានរីកចម្រើនឆាប់រហ័ស មានសន្តិ ភាពពេញលេញ ។ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ ទេវតាឆ្នាំថ្មី ប្រសិទ្ធពរ ជ័យបវរមហា ប្រសើរដល់ជូនដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីឲ្យ បានជួបតែសេចក្តីសុខ ចម្រើនគ្រប់ពេលវេលា ដើម្បីរួមកសាងជាតិមាតុភូមិប្រកបដោយភាពសុខសាន្ត ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនេះដែរមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលរួមមាន សារព័ត៌មាន ដើមអម្ពិល គេហទំព័រដើមអម្ពិល គេហទំព័រ Looking TODAY វិទ្យុដើមអម្ពិល អេហ្វអឹម ៩៣.៧៥មេហ្គាហឺត សូម គោរពជូនពរដល់ប្រិយមិត្តអ្នកអាន ប្រិយមិត្តអ្នកស្តាប់ឲ្យជួបតែសេចក្តីសុខសាន្ត និងសុភមង្គល គ្រប់ក្រុមគ្រួសារ ។ ដោយហេតុថា តាមរយៈការគាំទ្ររបស់ប្រិយមិត្តអ្នកអាន និងប្រិយមិត្ត អ្នក ស្តាប់ទើបមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មានការរីកចម្រើន ជាបន្តបន្ទាប់ និងអាចដំណើរការ ដោយរលូនដើម្បីផ្តល់ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានក្នុងស្រុក ព័ត៌មានអន្តរជាតិ ព័ត៌មានកីឡា សិល្បៈកម្សាន្ត និងព័ត៌មានជា ច្រើន ទៀតជូនប្រិយមិត្តអ្នកអានបានទាន់ពេលវេលា ។ អាចនិយាយបានថា ការគាំទ្រពីប្រិយមិត្តអ្នកអាន និងប្រិយមិត្តអ្នកស្តាប់គឺជាកត្តាសំខាន់បំផុត ដើម្បីឲ្យមជ្ឈមណ្ឌលព័ត៌ មាន ដើមអម្ពិល បំពេញតួនាទីរបស់ខ្លួន បានយ៉ាងល្អ ក្នុងការផ្តល់ព័ត៌មានដល់មិត្តអ្នកអាន និងអ្នកស្តាប់ទាំងក្នុង និងក្រៅប្រទេស បានទាន់ពេលវេលា ហើយព័ត៌មានទាំងនោះគឺ ជាព័ត៌មានពិតស្របតាមស្ថានភាព ជាក់ស្តែងគ្រប់ហេតុការណ៍ ដែលកើតឡើងនៅក្នុងប្រទេស និងតាមបណ្តាប្រទេសនានានៅលើសកល លោក ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤នេះ ដែរមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋដែលធ្វើដំណើរ ទៅភូមិកំណើតជួបជុំក្រុមគ្រួ សារសូមបងប្អូនបើកបររថយន្ត ម៉ូតូ រ៉ឺម៉កកង់បី និងយានយន្ត ផ្សេងៗទៀត ដោយប្រុងប្រយ័ត្ន ហើយគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ។ ក្រសួងមហាផ្ទៃបាន ចេញសេចក្តីណែ នាំ១១ ចំណុចរួចមកហើយដើម្បីរក្សាសណ្តាប់ធ្នាប់ចរា ចរណ៍ក្នុងពិធីបុណ្យចូល ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីចៀសវាងកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ព្រោះជាសោក នាដកម្មដល់ក្រុមគ្រួសារ ជនរងគ្រោះ និងសង្គមជាតិ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជាក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរទូទៅប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ ចរាចរណ៍ផងដែរ ដូច្នេះសូមបងប្អូនជនរួមជាតិអនុវត្តន៍ តាមអនុសាសន៍របស់សម្តេច ប្រមុខរាជរដ្ឋាភិបាល ដើម្បីសេចក្តី សុខសាន្តពេលធ្វើដំណើរ ទៅភូមិស្រុក ឬទៅកម្សាន្តតាមរមណីយដ្ឋាន និងតំបន់ទេសចរនានា ។

សរុបសេចក្តី មកនៅក្នុងឆ្នាំមមី ឆស័ក ព.ស ២៥៥៨នេះទេវតាឆ្នាំថ្មីនឹងនាំមកនូវពរជ័យសិរីសួស្តី សុភមង្គល គ្រប់ប្រការដល់ជន រួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស ។ ឆ្នាំថ្មីនឹងជួយឲ្យប្រទេសកម្ពុជា ចាកផុតពីវិបត្តិទាំងឡាយ ហើយមេដឹកនាំកំពូលៗនឹងដោះស្រាយ រាល់បញ្ហាដែលនៅសេសសល់ កាលពី ឆ្នាំចាស់ដើម្បីឲ្យ ប្រទេសជាតិមានស្ថិរភាព នយោបាយ មានសន្តិសុខសណ្តាប់ធ្នាប់សង្គម និងមានការរីក ចម្រើនលើគ្រប់វិស័យ ហើយជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋក៏មាន ភាពល្អប្រសើរជាងមុខដែរ ។ ឆ្នាំថ្មី ឆ្នាំមមី ឆស័កគឺជាឆ្នាំនៃសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរក្នុងការរស់ នៅដោយសុខសាន្ត និងរួមចំណែក កសាងប្រទេស ជាតិគ្រប់ៗគ្នា ព្រោះមានតែខ្មែររួមកំលាំងគ្នាជាធ្លុងមួយទេទើបអាច កសាងជាតិបានរីក ចម្រើនបានឆាប់រហ័ស និងការពារបូរណភាពទឹកដីបានគង់វង្សយូរអង្វែង ។ ឆ្នាំថ្មីឆ្នាំមមី ឆស័ក ព.ស ២៥៥៨ សូមទេវតាឆ្នាំថ្មីជួយថែរក្សាព្រះរាជាណាចក្រកម្ពុជា ឲ្យមានតែភាពសុខសាន្ត សនិ្តភាពពេញ លេញ ហើយជនរួម ជាតិ ខ្មែរទាំងអស់រួមគ្នាកសាងប្រទេសជាតិ ឆ្ពោះទៅរកការរីកចម្រើន ប្រកបដោយ និរន្តរភាព ៕

Page 160 of 325