ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តការធ្វើផែនការ ជាក់លាក់ធំៗ ចំនួន៣ រួមមាន ទស្សនៈវិស័យ សម្រាប់ឆ្នាំ ២០៣០ និងផែនការអភិវឌ្ឍន៍ យុទ្ធសាស្ត្រជាតិ ដែលជាមគ្គុទេសក៍ ក្នុងការជ្រើសយកសម្រាប់ រយៈពេល ៥ឆ្នាំ ខាងមុខនេះ។
លោកស្រី Rebecca Black នាយិកាបេសកម្ម USAID ប្រចាំនៅកម្ពុជា បានថ្លែងនៅក្នុងពិធី ចុះហេត្ថលេខា លើ អនុស្សរណៈយោគយល់គ្នា ស្តីពី “ការអភិវឌ្ឍន៍ការបញ្ចេញឧស្ម័នតិច និងភាពធន់ទៅនឹងការប្រែប្រួល អាកាស ធាតុនៅកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ នាក្រសួងបរិស្ថានថា អនុស្សារណៈយោគយល់នេះ បាន ជ្រើសរើសចំណុចសំខាន់ៗ សម្រាប់កម្មវិធី របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលកំពុងធ្វើនៅក្នុងវិស័យទាំង៣ នោះរួមមាន ទី១- វិស័យកសិកម្ម ទី២-វិស័យព្រៃឈើ និងធ្វើការបង្ហាញយ៉ាងច្បាស់ ពីរបៀបទាំងឡាយ ដែល ទាក់ទងទៅនឹងការអភិវឌ្ឍន៍ ការបញ្ចេញឧស្ម័នតិច និងទី៣-ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ហើយអនុស្សរណៈនេះ ក៏បានដាក់បញ្ចូលការងារថ្មីបន្ទាន់ ដើម្បីពង្រឹងដល់សមត្ថភាព បច្ចេកទេសកម្ពុជា ក្នុងការ ត្រួតពិនិត្យ និងរាយការណ៍ ពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ។
លោកស្រីបន្តថា កម្ពុជាគឺជាប្រទេសមួយ ដែលអស្ចារ្យ ហើយស្រស់បំព្រង ពីព្រោះព្រៃឈើ និងធនធានធម្មជាតិ គឺជាទ្រព្យដ៏មានតម្លៃបំផុត ហើយប្រជាជន ក៏ជាទ្រព្យដ៏មានតម្លៃបំផុតដែរ ។ ទោះជាយ៉ាងណាក៏ដោយ ការប្រែ ប្រួលអាកាសធាតុ គឺជាការគំរាមយ៉ាងពិតប្រាកដ ដល់មនុស្ស និងធនធានធម្មជាតិរបស់កម្ពុជា ។
ជាមួយគ្នានេះដែរ បើតាម លោកបណ្ឌិត ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រង ការប្រែប្រួលអាកាសធាតុ ក៏បានលើកឡើងថា កំណើនកំហាប់ឧស្ម័នផ្ទះកញ្ចក់ ក្នុងបរិយា កាស នាំឲ្យមានការប្រែប្រួលអាកាសធាតុ បណ្តាលមកពីសកម្មភាពមនុស្ស ដែលនឹងនាំមកនូវឥទ្ធិពលធ្ងន់ធ្ងរ ដូច ជា កំណើនសីតុណ្ហភាពពិភពលោក ការប្រែប្រួករបបទឹកភ្លៀង កំណើនកម្ពស់ទឹកសមុទ្រ ក៏ដូចជាបាតុភូត អាកាសធាតុកំណាច កាន់តែញឹកញាប់ និងធ្ងន់ធ្ងរផងដែរ រួមមាន ព្យុះស៊ីក្លូន ទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលបង្ក គ្រោះថ្នាក់ដល់មនុស្ស និងសេដ្ឋកិច្ច ។
ម៉្យាងវិញទៀត លោកបណ្ឌិតបានបញ្ជាក់ថា «កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានការអភិវឌ្ឍតិចតួចជាងគេ និងងាយរងគ្រោះ ដោយសារផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ដោយសារពឹងផ្អែកលើសេដ្ឋកិច្ច ដែលពឹង ផ្អែកលើកសិកម្ម ភាពទន់ខ្សោយ នៃហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ធនធានមនុស្ស និងសម្ថតភាពខាង ហិរញ្ញវត្ថុមាន កម្រិត និងកង្វះលទ្ធភាព ក្នុងការទទួលបានបច្ចេកវិទ្យាសមស្រប សម្រាប់ដោះស្រាយការប្រែប្រួល អាកាសធាតុ»។
លើសពីនេះទៅទៀត លោកបានបន្តទៀតថា ការប្រែប្រួលអាកាសធាតុ បានក្លាយជាអាទិភាពមួយ ក្នុងផែនការ យុទ្ធសាស្រ្តអភិវឌ្ឍជាតិបច្ចុប្បន្នកម្ម ២០០៩-២០១៣ និងត្រូវបានដាក់បញ្ចូលយ៉ាងទូលំទូលាយ ទៅក្នុងវិស័យ ពាក់ព័ន្ធទាំងអស់ ហើយកម្ពុជា បានចូលរួមយ៉ាងសកម្ម នៅក្នុងការអនុវត្តន៍កម្មវិធី កាត់បន្ថយការបំភាយ ឧស្ម័ន ផ្ទះកញ្ចក់ ការស្រាវជ្រាវអំពីការអភិវឌ្ឍន៍ ដែលបានបញ្ចេញកាបូនតិច ការអនុវត្តន៍គម្រោងយន្តការអភិវឌ្ឍន៍ ស្អាត និងយន្តការទីផ្សារថ្មី ៕































